ភ្នំពេញ៖ ទោះបីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវឯកជន តែក៏នៅក្រោមច្បាប់របស់ប្រទេសកម្ពុជា ដូចនេះហើយផ្លូវនេះនៅតែមានការ ដាក់កាមេរ៉ាចាប់ល្បឿននៅតាមគោលដៅនានា ជាមួយនឹងការផាកពិន័យតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ការថ្លែងបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ចុះពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មុននឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២នេះ។
លោក បានថ្លែងឱ្យដឹងថា ការប្រើប្រាស់ល្បឿនលើផ្លូវនេះ សម្រាប់រថយន្តគ្រួសារ ដែលជារថយន្តតូចអាចបើកបរល្បឿនខ្ពស់បំផុត ១២០គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈដែលល្បឿនទាបបំផុត ៦០គីឡូម៉ែត្រ ក្នុង១ម៉ោង។ ចំពោះរថយន្តកុងតឺន័រ ដែលមានសណ្ដោងអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រ ក្នុង១ម៉ោង និងរថយន្តធំឥតសណ្ដោង អាចឱ្យប្រើប្រាស់ល្បឿន ១០០គីឡូម៉ែត្រ ក្នុង១ម៉ោង។
ក៏មានការអនុញ្ញាតឱ្យម៉ូតូដែលមានទំហំស៊ីឡាំងលើសពី ៥០០CC អាចប្រើប្រាស់បានផងដែរ ដោយមានកំណត់ល្បឿនត្រឹមតែ ១០០គីឡូម៉ែត្រ ក្នុង1ម៉ោង ខណៈដែលម៉ូតូមានមានទំហំស៊ីឡាំងតូចជាងនេះ គឺមិនមាន ការអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។ បើតាមការបន្ថែមរបស់ លោក ស៊ុន ចានថុល។
លោក បានបន្ថែមទៀតថា រថយន្តដឹកទំនិញធុនធំ គឺតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេងដោយប្រើពេលយូរបាននោះទេ ខណៈឡានតូចអាចប្រើប្រាស់បានក្នុងករណីដែលមិនមានឧបសគ្គនៅខាងមុខ។ ជាមួយគ្នានោះ រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន។
លោក បានថ្លែងឱ្យដឹងថា គិតមកដល់ពេលនេះផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ ១០០% ខណៈការងារនៅសល់បន្តិចបន្តួច ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្ដោះ អាសន្ន។
សូមរម្លឹកថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជាង ២ពាន់លានដុល្លារ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ម៉ោង មកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)