ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា បានចារឯកភាពក្នុងការសម្រេចជ្រើសរើសយក ទីតាំងចេញពីតំបន់ផ្សារាត្រីទៅកាន់អរិយក្សត្រ ក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរ។ នេះបើតាមលិខិតមួយដែលបានបោះត្រា និងចុះហត្ថលេខា ដោយលោក អូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពសរសេរអក្សរដៃរបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមលិខិតខាងលើ ត្រង់ចំណុចទី៥ នៃសេចក្ដីសន្និដ្ឋានបានឱ្យដឹងថា តាមការវិភាគលំអិត និងសិក្សាលើកត្តាចំបងសំខាន់ៗរួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចបរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព (Landmark) និងការលើកនូវសម្រស់ក្រុងភ្នំពេញ ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ជម្រើសទីតាំងទី២ (ផ្សាររាត្រីអរិយក្សត្រ) គឺជាជម្រើសសមស្រប និងល្អជាងជម្រើសទី១ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
ចំពោះប្រភេទស្ពានអាស្រ័យ ទៅតាមការសម្រេចរបស់ភាគីកម្ពុជា ក្នុងការជ្រើសរើសយកមួយ ក្នុងចំណោមជម្រើសទាំង៦បានសិក្សាខាងលើ។
បើតាមលិខិតដដែលបានបន្តថា ក្នុងន័យនេះ ខ្ញុំសូមគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាត្តឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ចចាជាមួយស្ថាប័នពាក់ព័ន្ឋរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា សាធារណៈរដ្ឋកូរ៉េនៅទីតាំងទី២ (ផ្សាររាត្រី អរិយក្សត្រ) ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។
ខាងក្រោមនេះជាលិខិតចារឯកភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា៖
បើតាម អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលថា លោកបានដឹងព៌តមាននេះហើយ ដោយតាមរយៈមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោកថា គម្រោងសាងសង់ស្ពាននេះ គឺមិនប៉ះពាល់ដល់ដីនិងសណ្ឋាគាររបស់ក្រុមហ៊ុនសុខាអូតែលនោះទេ គឺស្ពាននេះនឹងតភ្ជាប់ជាមួយផ្លូវដែលមានស្រាប់៕
ប្រភព៖ Propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)