Register Already an agent ? Login

ហេតុអ្វីបានជាបឹងទន្លេសាបត្រូវបានចាត់ទុកជា «ឋបនីយជីវមណ្ឌល»?

ភ្នំពេញ៖ បានជាបឹងទន្លេសាបត្រូវបានចាត់ទុកជាឋបនីយជីវមណ្ឌល គឺជាកន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយវាជាកន្លែងសម្រាប់សាកល្បងវិធីសាស្រ្តអន្តរកម្មសម្រាប់ការស្វែងយល់ និងគ្រប់គ្រងការផ្លាស់ប្តូរ និងអន្តរកម្មរវាងប្រព័ន្ធសង្គម និងអេកូឡូស៊ី រួមទាំងការការពារជម្លោះ និងការគ្រប់គ្រងជីវចម្រុះ និងជាកន្លែងដែលផ្តល់ដំណោះស្រាយក្នុងតំបន់ចំពោះបញ្ហាប្រឈមជាសកល។ បើតាមការផ្អែកនិយមន័យដែលកំណត់ដោយអង្គការសហប្រជាជាតិសម្រាប់ការអប់រំ វប្បធម៌ និងវិទ្យាសាស្រ្ត (UNESCO)  ឋបនីយជីវមណ្ឌល។

ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិសម្រាប់ការអប់រំ វប្បធម៌ និងវិទ្យាសាស្រ្ត (UNESCO) នៅឆ្នាំ១៩៩៧ ដោយក្នុងនោះមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក ដែលមានប្រភេទប្រព័ន្ធអេកូឡូស៊ីដីសើមអាស្រ័យគ្នាទៅវិញទៅមក០៣ផ្សេងគ្នាគឺរួមមាន៖ ១.តំបន់វាលលំហរទឹកដែលស្ថិតនៅចំកណ្តាលបឹង ២.តំបន់ព្រៃវាលភក់ទឹកសាប និង ៣.តំបន់វាលស្មៅលិចទឹកតាមរដូវ។

ឋបនីយជីវមណ្ឌលបឹងទន្លេសាប មានទំហំប្រមាណជា ១,៤៨១,២៥៧ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន ៥គឺ៖ ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

ឋបនីយជីវមណ្ឌលបឹងទន្លេសាបមានតំបន់ស្នូល ៣គឺ៖ តំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ប្រភេទជីវៈចម្រុះនៅឋបនីយជីវមណ្ឌលបឹងទន្លេសាបមាន ដូចជាប្រភទសត្វស្លាបទឹកប្រមាណ ២២៥ប្រភេទ មច្ឆជាតិ១៧៥ប្រភេទ ថនិកសត្វ ៤៦ប្រភទេ ល្មូន ៤២ប្រភេទ និងរុក្ខជាតិ ២០០ប្រភេទ។

បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការ UNESCO ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំផែនការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ដោយក្នុងនោះមានសកម្មភាពសំខាន់ៗដូចជា ការស្តារនិងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ការគ្រប់គ្រងប្រព័ន្ធជលសាស្រ្ត និងការដាក់ចេញជាយន្តការសម្រាប់ជំរុញដល់ការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាពជាដើម។

សូមបញ្ជាក់ថា ឋបនីយជីវមណ្ឌល រួមមានប្រព័ន្ធអេកូឡូស៊ីលើដី សមុទ្រ និងឆ្នេរសមុទ្រ៕

ប្រភព៖ ក្រសួងបរិស្ថាន ដែលបានដកស្រង់ពីគេហទំព័រអង្គការ UNESCO https://en.unesco.org/biosphere/about)

ដោយ៖ មឿន ឌីណា (Moeun Dyna)