Register Already an agent ? Login

រយៈពេល ៧ខែនេះ កម្ពុជាបាននាំចេញកសិផលទៅ ៦៤ប្រទេសជាង ៥លានតោន កើនជាង ២លានតោន

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅកាន់ទិសដៅ ៦៤ប្រទេស បរិមាណសរុប ៥,០៣២ ,៩៦៨.៦០តោន គឺមានការកើនឡើងចំនួន ២,៣៤២,៩៨១.៣៩តោន ស្មើនឹង ៨៧,១០ភាគរយ ដែលមានដូចជា អង្ករស្រូវ កសិផលក្រៅពីស្រូវ-អង្ករ គិតជាទឹកប្រាក់ ២,៩៦៤,៩៧៤,៧១៤.៣៤ដុល្លារ។ បើតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តឱ្យដឹងថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២,៦៨៩,៩៨៧.២២តោន។

បើតាមទិន្នន័យខាងលើ បានបញ្ជាក់ «ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០ភាគរយ ក្នុងនោះកសិផល ក្រៅពីអង្ករ មានការកើនឡើងចំនួន ១០៨,៦៣ភាគរយ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧ភាគរយ ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង»។

នៅក្នុងទិន្នន័យដដែល បានបន្តឱ្យដឹងថា ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២,៩៦៤,៩៧៤,៧១៤.៤៣ដុល្លារ ក្នុងនោះមានជារួមដូចខាងក្រោម៖

-ការនាំចេញអង្ករមានចំនួន ២៦១,៨៣៥,៩២៥ដុល្លារ។

-ការនាំចេញស្រូវមានចំនួន ៣២៩,៣៥១,៥២៤ដុល្លារ។

-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៣៧៣,៧៨៧,២៦៥.៤៣ដុល្លារ។

បើតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹង បរិមាណអង្ករនាំចេញមានចំនួន ៣០៩,៨៦៥តោន មានការថយចុះចំនួន ១១៦,២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦,០៧៣តោន។ ក្នុងនោះការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន ២៩,៤១៥តោន កើនឡើងចំនួន ១,០០២តោន (៣,៥៣%) បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួន ២៨ ៤១៣តោន។

ជាមួយគ្នានេះ ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤,៩៦៨តោន ស្មើនឹង ៦៩,៣៧ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន ៨៨,៧០២តោន ស្មើនឹង ២៨,៦៣ភាគរយ និងអង្ករចំហុយមានចំនួន ៦,១៩៥តោន ស្មើនឹង ២ភាគរយ។ អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៧៧,៧៨៦តោន (ថយចុះចំនួន ៦៦,៤៦១តោន ស្មើនឹង -៤៦,០៧%)។

ការនាំចេញស្រូវ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ២,០០៨,២៤១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,២៩០,៥០២.៥២តោន) ដែលមានការកើនឡើងចំនួន ៩០០,៧៦៦តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១,១០៧,៤៧៥តោន។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល៧ខែឆ្នាំ ២០២១ ចំនួន ២០ប្រភេទ មានចំនួន ៣,៤៣២,៦០១.០៨តោនកើនឡើងចំនួន ១,១៦៨,៦៨៦.៨៧តោន ស្មើនឹង ៥១,៦២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២,២៦៣,៩១៤.២២តោន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)