ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) របស់ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម។ បើតាមក្រសួងពាណិជ្ជកម្ម បន្តថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា MoU នេះ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ជាការថ្លែងរបស់ លោក ប៉ាន សូរស័កិ្ត បានបន្តថា ការចុះ MoU ថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
«អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ»។ ជាការថ្លែងបញ្ជាក់ របស់លោក រដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។
លោក ប៉ាន សូរស័កិ្ត បានបន្ថែមថា ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។
ភាគីទាំងពីរ គួរតែមានប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយជាក់លាក់សម្រាប់ចែករំលែកភារកិច្ចទៅតាមមុខងារ និងផ្តល់ព័ត៌មានទៅវិញទៅមកឱ្យទាន់ពេល ឱ្យជាប់លាប់ និងប្រតិបតិ្តការឱ្យពេញលេញ។ បើតាមការផ្ដល់អនុសាសន៍របស់ លោក រដ្ឋមន្រ្តី ថ្លែងបន្ថែមទៀតថា ក្រុមហ៊ុន Yamato Green គួរនាំផលិតផលកសិ-ពាណិជ្ជកម្មពីក្រុមកសិករផលិតខ្នាតតូចទៅទីផ្សារធំៗ បង្កើនការវិនិយោគ និងផ្តល់បច្ចេកទេសអភិវឌ្ឍន៍គ្រប់ដំណាក់កាលនៃវដ្តផលិតកម្ម កសិ-ពាណិជ្ជកម្ម ដែលគិតចាប់ពីការដាំដុះ ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។ លើសពីនេះ ក្រុមហ៊ុន Yamato Green គួរផ្តល់ជំនួយការលើបច្ចេកទេសក្នុងការពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួអពាណិជ្ជកម្មបានឱ្យដឹងថា Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕
ដោយ៖ Moeun Dyna