Register Already an agent ? Login

កម្ពុជា បានបង្កើតសំរាមក្នុងមួយឆ្នាំៗប្រមាណ ៤លានតោនក្នុងនោះ សំណល់សិររីរាង្គ៦៥% ថង់ប្លាស្ទិក២០%

ភ្នំពេញ៖ ក្នុង១ឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ  ជាសំណល់សិររីរាង្គ ៦៥ភាគរយ  ជាសំណល់ថង់ប្លាស្ទិក ២០ភាគរយ និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត ហើយក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតជាដើម។ តាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ការលើកឡើងខាងលើ របស់ លោក នេត្រ ភក្ត្រា នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ប្រគល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានបន្តថា បច្ចុប្បន្ននេះ បញ្ហាសំរាម បានចោទឡើងនៅក្នុងសង្គមកម្ពុជា មិនត្រឹមតែនៅតាមទីក្រុងនោះទេ សូម្បីតែនៅតាមនៅជនបទសំរាម ក៏បានចោទជាបញ្ហាមួយផងដែរ។ ដូច្នេះប្រសិនបើមិនបានគិតគូរអប់រំ ពីការគិតទុកសំរាមនោះទេ ច្បាស់ណាស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួននឹងបោះចោលសំរាមពាសវាលពាសកាលជាមិនខាន។

ជាក់ស្តែងតំបន់ពាមក្រសោប នៅជិតសមុទ្រ ប្រសិនបើមិនបានគិតគូរលើការទុកសំរាមនោះទេ វានឹងបង្កផលប៉ះពាល់ និងបំពុលដល់តំបន់ទេសចរណ៍នានារបស់កម្ពុជា ដែលជាប់នឹងមាត់សមុទ្រនេះ។ ជាការបន្តទៀតរបស់ អ្នកនាំពាក្យដដែលបញ្ជាក់ថា ការប្រើប្រាស់ធុងសំរាម នៅតាមសហគមន៍ គឺបង្ហាញពីភាពចាស់ទុំក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនឯងបានបង្កើតជារៀងរាល់ថ្ងៃ និងការបង្ហាញឱ្យឃើញពីការស្រឡាញ់បរិស្ថាននៅជុំវិញខ្លួន។

រដ្ឋលេខាធិការរូបនេះបានបន្ថែមថា ការរៀបចំអនាម័យបរិស្ថានល្អ មិនត្រឹមតែធ្វើឱ្យភូមិ ឃុំ និងសហគមន៍មានសោភណ្ឌភាពនោះទេ ក៏ប៉ុន្តែវាជាចំណែកចូលរួមទាក់ទាញភ្ញៀវទេសចរ មិនតែប៉ុណ្ណោះ បរិស្ថានស្អាតជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

គូសបញ្ជាក់ថា ទិន្នន័យឆ្នាំ២០១៨ បង្ហាញថា សំណល់រឹង ដែលបានប្រមូលចាក់នៅទីលានសរុបជាង ១,៧លានតោន ធៀបនឹងឆ្នាំ២០១៧ កើនឡើងជាង ២០សែនតោន ហើយមានកំណើន ៥៦,៩ភាគរយ ធៀបនឹងឆ្នាំ២០១៤ មានត្រឹម ៣១៧ ៥៥០តោនប៉ុណ្ណោះ។

មកដល់ចុងឆ្នាំ២០១៨ ស្ថានភាពគ្រប់គ្រងទីលានទូទាំងក្រុង ស្រុកគោលដៅ ស្ថិតក្នុងសភាពពុំទាន់ល្អប្រសើរនៅឡើយ ដោយស្រុកចំនួន៧៩ ពុំទាន់មានទីលាន ក្រុងស្រុកដែលមានទីលាន មានតែ ៥៧,២ភាគរយ ហើយក្រុងស្រុកដែលមានទីលានបម្រុងមានត្រឹមតែ ៦,៤ភាគរយ ប៉ុណ្ណោះ៕

ដោយ៖ឌីណា