ភ្នំពេញ៖ ចាប់តាំងពីគម្រោងស្ថាបនាផ្លូវជាតិ៣ លេចចេញជារូបរាងមក បានធ្វើឱ្យវិស័យអចលនទ្រព្យ ការពុះដីឡូត៍ និងសំណង់ផ្ទះល្វែង បុរី នៅតាមបណ្តោយផ្លូវជាតិលេខ៣ បានរីកដុះដាលកាន់តែច្រើនឡើងយ៉ាងសកម្ម ហើយតម្លៃក៏កាន់តែឡើងខ្លាំងផងដែរ ដោយសារតែផ្លូវជាតិមួយខ្សែនេះ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តកំពត និងខេត្តព្រះសីហនុ។
គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះមានប្រវែងសរុបចំនួន ១៣៤.៨២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលចោមចៅ រហូតដល់តំបន់បែកគូស ដែលជាតំបន់ផ្លូវបំបែករវាង ខេត្តកំពត និងខេត្តកែប ហើយមានគន្លងផ្លូវ ២ទៅ ២មក។ ចាប់ពីចំណុចបែកគូសទៅកាន់ខេត្តកំពត មានទំហំផ្លូវតែ ២គន្លងប៉ុណ្ណោះ(១ទៅ ១មក)។ ផ្លូវជាតិលេខ៣ ដែលមានប្រវែងជាង ២០០គីឡូម៉ែត្រ ក្នុងគម្រោងត្រូវស្ថាបនាដោយការចាក់កៅស៊ូប្រភេទAC ដូចផ្លូវជាតិលេខ៤ ដែរ និងត្រូវចំណាយទឹកប្រាក់ចំនួន ២១៥លានដុល្លារ ជាកម្ចីឥណទានពីរដ្ឋាភិបាលចិន។
ផ្លូវជាតិលេខ៣ សាងសង់រយៈពេល ៤ឆ្នាំ ពីឆ្នាំ២០១៨-២០២២។ ទន្ទឹមនឹងគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះរដ្ឋាភិបាល ក៏បាននឹងកំពុងដាក់គ្រឿងចក្រឈូសឆាយដើម្បីស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ផងដែរ និងបានដាក់អំពូលភ្លើងប្រភេទថ្មីអមសងខាង ដើម្បីបំភ្លឺផ្លូវ។
អ្នកជំនាញខាងអចលនទ្រព្យបានមើលឃើញថា ចាប់តាំងពីគម្រោងស្ថាបនាផ្លូវជាតិ៣ និងផ្លូវជាតិលេខ៤ លេចចេញជារូបរាងមក បានធ្វើឱ្យវិស័យអចលនទ្រព្យ ការពុះដីឡូត៍ និងសំណង់លំនៅដ្ឋាន ផ្ទះល្វែង បុរី នៅតាមបណ្តោយផ្លូវជាតិទាំង ២ខ្សែ មានការរីកដុះដាលកាន់តែច្រើនឡើង។ ចំពោះតម្លៃក៏កាន់តែឡើងខ្លាំង ដោយសារតែផ្លូវជាតិទាំង ២ខ្សែនេះ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តកំពត និងខេត្តព្រះសីហនុរបស់កម្ពុជា។
បច្ចុប្បន្ន តម្លៃដី នៅតាមបណ្តោយផ្លូវជាតិលេខ៣ ពិតជាឡើងថ្លៃខ្លាំង រាប់ចាប់ពីរង្វង់មូលចោមចៅក្នុងភូមិសាស្រ្ត ភ្នំពេញ មកដល់ចំណុចផ្សារព្រៃទទឹងក្នុងខេត្តកណ្តាល និងហួសពីហ្នឹងទៅបន្តិចទៀត តម្លៃដីបានហក់ឡើងខ្លាំង ១គុណនឹង២ និង៣ ផងដែរ។ ជាការសង្កត់ធ្ងន់របស់អ្នកជំនាញដដែល និងបានបន្ថែមថា ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន ដីមួយឡូត៍មានតម្លៃចន្លោះតែពី៤.០០០ ទៅ៨.០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន ដីនៅផ្នែកខាងក្នុង ចុះពីផ្លូវជាតិទៅប្រមាណ ១គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ លក់ក្នុងតម្លៃចន្លោះពី៨.០០០ដុល្លារ ទៅដល់ ១៤.០០០ដុល្លារ។
អ្នកជំនាញដដែលនេះបានបញ្ជាក់ ៖«អ្វីដែលធ្វើឱ្យតម្លៃដីឡើងថ្លៃនេះ គឺដោយសារតែមានការសាងសង់លំនៅដ្ឋាន និងគម្រោងសំណង់ផ្ទះល្វែង បុរី បានរីកដុះដាលច្រើននៅតាមបណ្តោយផ្លូវជាតិលេខ៣ និង៤ ចាប់ពីរង្វង់មូលចោមចៅ រហូតទៅដល់ផ្សារបែកចាន និងរហូតទៅដល់ផ្សារអង្គស្នួលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សំណង់ផ្ទះល្វែងទាំងនោះមានតម្លៃប្រមាណ ៥ម៉ឺនដុល្លារនៅជូរខាងក្នុង និងជាង ១០ម៉ឺនដុល្លារសម្រាប់ជួរខាងមុខ។
ក្រៅពីគម្រោងសំណង់ដូចដែលបានលើកឡើងខាងលើ ក៏មានគម្រោងសាងសង់រោងចក្រ អភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ក៏បានទៅបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលធ្វើឱ្យសក្តានុពលនៅតាមបណ្តោយផ្លូវជាតិនេះ កាន់តែមានភាពទាក់ទាញ លើការអភិវឌ្ឍគម្រោងផ្សេងទៀត។ ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងជួសជុល និងពង្រីកឡើងវិញនូវជាតិលេខ៣ លេខ៤ ចាប់ពីចំណុចរង្វង់មូលចោមចៅ ខេត្តកំពត និងព្រះសីហនុ បានធ្វើឱ្យដីនៅតាមបណ្តោយផ្លូវជាតិ ទាំង២នេះ មានសក្តានុពលកាន់តែខ្លាំងក្នុងការពុះជាឡូត៍ៗ ការសាងសង់អគារពាណិជ្ជកម្ម និងអគារផ្ទះល្វែងសម្រាប់លក់ជាដើម។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅដល់ក្រុងកំពត ដោយឆ្លងកាត់ ភ្នំពេញប្រវែង១២គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ១១គីឡូម៉ែត្រ កំពង់ស្ពឺប្រវែង ៣០គីឡូម៉ែត្រ តាកែវប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពតប្រវែង ៥១គីឡូម៉ែត្រ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុ អាចតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨៕
ដោយ៖ឌីណា