ភ្នំពេញ៖ ភ្នំពេញ បច្ចុប្បន្នមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យសាធារណមតិជាតិ-អន្តរជាតិ មានការកោតសរសើរយ៉ាងខ្លាំង ហើយចំនួនទេសចរអន្តរជាតិ មានការកើនឡើងច្រើនក្នុង៦ខែដើមឆ្នាំនេះ ជាមួយគ្នានេះ ក៏មានផលិតផលទេសចរណ៍ប្លែកៗ សណ្ឋាគារ ភោជនីយដ្ឋានប្រណិតៗលំដាប់អន្តរជាតិជាច្រើន ប៉ុន្តែយើងនៅជួបប្រទះបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលត្រូវដោះស្រាយផងដែរ។ ជាការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ បើតាមទំព័រហ្វសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ថ្ងៃទី៩ ខែសីហា នេះ។
នៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំនេះ ក្នុងសាលារាជធានីភ្នំពេញ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងនូវចំណុចដែលជាបញ្ហាត្រូវដោះស្រាយគឺ ការកកស្ទះចរាចរណ៍នៅស្ទើរគ្រប់ដងផ្លូវសំខាន់ៗ ដែលត្រូវតែដោះស្រាយជាប្រញាប់ ពិសេសត្រូវរំដោះចិញ្ចើមផ្លូវដើម្បីអោយទេសចរដើរកំសាន្ត ទិញទំនិញ។ ម្យ៉ាងទៀត មិនទាន់មានផ្លូវពិសេសសំរាប់រថយន្តក្រុង តាក់ស៊ី និងការខ្វះចំណតសាធារណៈ សម្រាប់យានយន្ត និងការរៀបចំសណ្តាប់ធ្នាប់យានយន្តឈប់សំចតតាមដងផ្លូវ ។ល។
លោក បន្តថា សម្រាប់បញ្ហាអនាម័យ ក្នុងនោះសំរាម នៅតាមទីផ្សារ រោងចក្រសហគ្រាស និងទីប្រជុំជន និងទីសាធារណៈ ក៏នៅមានបញ្ហា ទោះបីកន្លងមក សាលារាជធានីភ្នំពេញបានប្រឹងប្រែងយ៉ាងខ្លាំងហើយក៏ដោយ។ ចំពោះបញ្ហានេះដែរ លោក បានលើកប្រសាសន៍សម្ដេច នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីសប្តាហ៏មុនថា ត្រូវគិតគូរអំពីការរៀបចំអោយមានរោងចក្រដុតសំរាមយកអគ្គិសនី ដើម្បីបានជាប្រយោជន៍ជួយដល់ការសំអាតទីក្រុងដ៏មានប្រសិទ្ធភាព។
នៅក្នុងពិធីលើ លោក ថោង ខុន បានលើកឡើងបន្ថែមថា ក្រៅពីនោះក៏នៅមានបញ្ហាជាច្រើនទៀត ដូចជា មិនទាន់មានកំពង់ផែទេសចរណ៍ឱ្យបានសមរម្យ សក្តិសមជាទីក្រុងទេសចរណ៍នៃរាជធានីរបស់ប្រទេសជាតិមួយ ដែលមានទីតាំងដ៏ល្អឯក តាមដងទន្លេមេគង្គ និងមិនទាន់មានកាណូតទេសចរណ៍ធំៗតាមដងទន្លេកម្រិតស្តង់ដារអន្តរជាតិនៅឡើយ។
«ជាមួយក្នានេះដែរ ក៏នៅមានការខ្វះបញ្ជរព័ត៌មានទេសចរណ៍ កង្វះបង្គន់អនាម័យសាធារណៈនៅតាមទីកន្លែងសំខាន់ៗ»។ ជាការសង្កត់ធ្ងន់ របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបានបន្ថែមទៀតថា ចំណុចចម្បងនោះគឺបញ្ហាគ្រឿងញៀននៅតាមក្លិបកម្សាន្តនានាដែលត្រូវបង្ក្រាប ម្យ៉ាងវិញទៀត គួរដាក់មណ្ឌលកំសាន្ត ក្លឹបរាត្រី ខារ៉ាអូខេ ឱ្យនៅតំបន់ប្រមូលផ្តុំមួយដាច់ដោយឡែក។
នៅក្នុងពិធីដដែល លោក ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា រីឯការគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍វិញ ក៏នៅមានបញ្ហា ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ ៤០ភាគរយ ប្រមាណជាង ១០០០កន្លែង ពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ និងហួសសុពលភាពអាជ្ញាបណ្ណ។ មិនត្រឹមតែប៉ុណ្ណោះ មានស្លាកយីហោមូលដ្ឋានអាជីវកម្មទេសចរណ៍ខ្លះសរសេរមិនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងជាដើម។ ចំពោះខណ្ឌមួយចំនួនមិនទាន់មានមន្រ្តីប្រចាំការនៅការិ យាល័យទេសចរណ៍ឱ្យច្បាស់លាស់នៅឡើយ។
លោក ថា ភ្នំពេញគឺត្រូវជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ មានបង្គន់សាធារណៈស្អាត ក្រអូប និងជាគោលដៅទេសចរណ៍ដែលគ្រប់សេវាកម្មទេសចរណ៍ ត្រូវមានគុណភាព និងបដិសណ្ឋារកិច្ចល្អ សក្តិសមជាទីកន្លែងដែលត្រូវរៀបចំម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលៗ និងព្រឹត្តិការណ៍អន្តរជាតិធំៗ៕
ដោយ៖ឌីណា លីកាណូដូ