Register Already an agent ? Login

រដ្ឋមន្រ្តីដឹកជញ្ជូន ព្រមានចាត់វិធានការក្ដៅក្រុមហ៊ុនសាងសង់ផ្លូវគ្មានគុណភាពតាមកិច្ចសន្យា

ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសាងសង់ និងជួសជុលផ្លូវ ឱ្យមានគុណភាពគោរពតាមកិច្ចសន្យា បើមិនដូចច្នោះទេក្រសួងនឹងចាត់វិធាន ប្តូរសមាសភាពដឹកនាំ ប្តូរក្រុមហ៊ុន ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។ ជាការព្រមានរបស់ លោក ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំស្តីពី «ការអនុវត្តកិច្ចសន្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា»។

ការព្រមាន របស់ លោក រដ្ឋមន្រ្តីដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំខាងលើដែលធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែសីហា នេះ បានសង្កត់ធ្ងន់ថា ៖«ផលប៉ះពាល់នៃការសាងសង់ផ្លូវគ្មានគុណភាព ធ្វើឱ្យខាតបង់ថវិកាជាតិដែលរាជរដ្ឋាភិបាល ខិតខំរកដោយលំបាក ខាតបង់ពេលវេលាក្នុងការធ្វើដំណើរ ដោយសារផ្លូវខូចគ្មានការបំពាក់ផ្លាកសញ្ញាចរាចរណ៍បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋនៅតាមដងផ្លូវរង ផលប៉ះពាល់ដល់សុខភាពជាដើម»។

ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ទាំងអស់ មិនត្រូវកេងប្រវ័ញ្ចលើបទដ្ឋានបច្ចេកទេស និងខ្លឹមសារនៃកិច្ចសន្យាឡើយ ត្រូវមានអ្នកជំនាញគ្រប់គ្រង ត្រួតពិនិត្យគុណភាព ត្រូវមានអ្នកចេះភាសាខ្មែរដែលអាចធានាទំនាក់ទំនង និងត្រូវងដឹងពីភូមិសាស្ត្រឱ្យបានច្បាស់លាស់ដើម្បីរសិក្សា និងសាងសង់ឱ្យមានគុណភាព។ ជាការបន្ថែមរបស់ លោក ស៊ុន ចាន់ថុល។

ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង កុំឱ្យប្រជាពលរដ្ឋបានរិះគន់ «ធ្វើផ្លូវមិនបានរឹងមាំ ធ្វើមុខខូចក្រោយ» ដែលធ្វើឱ្យក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ខ្លួនឯងបាត់បង់កេរ្តិ៍ឈ្មោះ និងខូចមុខមាត់។ ជាការដាស់តឿនរបស់ រដ្ឋមន្រ្តីដឹកជញ្ជូន។

នៅក្នុងពិធីដដែល លោក ស៊ុន ចាន់ថុន បានប្រាប់ឱ្យដឹងថា ក្រសួងនឹងរៀបចំនីតិវិធីឡើងវិញ ដើម្បីពិនិត្យបញ្ជីឈ្មោះក្រុមហ៊ុនម៉ៅការបន្ត ដើម្បីតាមដានប្រវត្តិក្រុមហ៊ុនម៉ៅការបន្តទាំងនោះឱ្យបានម៉ត់ចត់។ លោក បញ្ជាក់ ក្រុមហ៊ុនសាងសង់ ត្រូវសិក្សា និងស្គាល់ពីភូមិសាស្ត្រកម្ពុជាឱ្យបានច្បាស់លាស់មុនធ្វើការសាងសង់ផ្លូវ។

ក្រសួងនឹងបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានពីលើអង្គភាព PMU និង PIU ថែមទៀត ដើម្បីធានាគុណភាពសាងសង់រឹងមាំ ប៉ុន្តែមិនទទួលយកផ្លូវគ្មានគុណភាពរឹងមាំឡើយ។ ជការឱ្យដឹងបន្ត ពីរដ្ឋមន្រ្តីដដែល លោក ថា ការធ្វើបែបនេះដើម្បី រាជរដ្ឋាភិបាលអាចមានថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតដូចជា «សាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹកដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ»។

លោក រដ្ឋមន្រ្តីបានណែនាំ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមនិងសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសាងសង់ផ្លូវថ្នល់កម្ពុជា ឱ្យមានគុណភាពរឹងមាំ។

គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើ ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកអង្គភាពគ្រប់គ្រងគម្រោង (PMU) នាយកអង្គភាពអនុវត្តគម្រោង (PIU) អគ្គនាយកដ្ឋាសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត កងវិស្វកម្ម ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវ និងគ្រប់ភាគីពាក់ព័ន្ធទូទាំងប្រទេស៕ 

ដោយ៖ឌីណា