Register Already an agent ? Login

តួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ មានចំនួន ជាង ១៥លាននាក់

ភ្នំពេញ៖ តួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់មានចំនួន ១៥,២៨៨.៤៨៩នាក់ ក្នុងនោះមានប្រុសចំនួន៧,៤១៨.៥៧៧នាក់ និងស្រី ៧,៨៦៩.៩១២នាក់។ បើតាមការប្រកាស របស់ សម្ដេច ស ខេង នៅក្នុងពិធីប្រកាសតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជនឆ្នាំ២០១៩។

តួលេខបណ្តោះអាសន្នក្នុងឆ្នាំ២០១៩នេះ គឺមានប្រជាជនជាង ១៥លាននាក់ នៅទូទាំងប្រទេស ហើយក្នុងនោះស្រ្តីមានច្រើនជាងបុរសរហូតដល់ជាង៤ម៉ឺននាក់។ ជាការបន្ត របស់ សម្ដេច ស ខេង នៅក្នុងពិធីខាងលើ ដែលធ្វើក្នុងសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែសីហា នេះ សម្ដេច ស ខេង បានបញ្ជាក់ ៖«តាមតួលេខបណ្តោះអាសន្ននេះ ពិនិត្យឃើញថាចំនួនប្រជាជនកម្រិតថ្នាក់ជាតិមាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះស្របតាមការព្យាករណ៍ដែលបានរំពឹងទុក»។

ជំរឿនក្នុងឆ្នាំ២០១៩ នៅកម្ពុជា នឹងផ្តល់ទិន្នន័យច្បាស់លាស់អំពីទំហំប្រជាជន និងចរិកលក្ខណៈប្រជាជនបន្ទាប់ពីជំរឿនប្រជាជនឆ្នាំ២០០៨។ ជាការបន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ទៀតថា «ទិន្នន័យទាំងអស់នេះគឺ មានសារៈសំខាន់ណាស់សម្រាប់ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ទាំងឡាយធ្វើសេចក្ដីសម្រេចប្រកបដោយប្រសិទ្ធភាពក្នុងការកសាងផែនការឆ្ពោះទៅរកការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។

ប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជាបានឱ្យដឹងថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះពី ១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨មក ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩ ហើយអត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ដែលមានតែ ១,០ភាគរយ។

រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតគឺ ភ្នំពេញមានចំនួន ២,១២៩,៣៧១នាក់ ប៉ុន្តែខេត្តកែប មានប្រជាជនតិចជាងគេបំផុតចំនួន ៤១,៧៩៨នាក់។ ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។ អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជនឆ្នាំ២០១៩ មានបុរស ៩៤នាក់ ក្នុងចំណោមស្ត្រី ១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨។ ជាការឱ្យដឹងបន្តពី ប្រធានគណៈកម្មាធិការជាតិជំរឿនដដែល។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជំរឿនប្រជាជនជាលើកទី៣ ដែលមានរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩ ការធ្វើជំរឿននៅកម្ពុជាក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបចំនួនជាង ៨លានដុល្លារ និងប្រើប្រាស់មន្ដ្រីជំរឿន ៥ម៉ឺននាក់៕  

ដោយ៖ឌីណា