កោះកុង៖ផ្ទះប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ត្រូវបានវាយប្រហារ ពីគ្រោះធម្មជាតិដូចជាភ្លៀង និងខ្យល់កន្ត្រាក់ ដែលធ្វើឱ្យផ្ទះនៃចំនួនប្រជាពលរដ្ឋខាងលើខូចខាត ដូចជារបើងដំបូល ជាមួយគ្នានេះក៏មានជំនន់ទឹកភ្លៀងផងដែរ ធ្វើឱ្យមានការលំបាក់ក្នុងការរស់នៅសម្រាប់អ្នកមានជីវភាពខ្វះខាត។ បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃ៦ ខែសីហា នេះ។
ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្រ្តាក់រយៈពេល ប៉ុន្មានថ្ងៃមកនេះ ផ្ទះមួយចំនួនស្ទើរតែខូចខាតទាំងស្រុង។ បើតាមការឱ្យដឹងពីនគរបាលជាតិ និងបានបន្ថែមថា អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះទៅជួយ ព្រមទាំងបានផ្ដល់នូវអំណោយរបស់កាកបាទក្រហម សម្រាប់អ្នកដែលរងគ្រោះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ប្រមាណ១០០ គ្រួសារ បានរងគ្រោះដោយសារភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឲ្យរងការខូចខាត របើកដំបូលផ្ទះ ជាច្រើនសន្លឹក និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ខូចខាតស្ទើរតែទាំងស្រុង។ បើតាមនគរបាលជាតិដដែល។
សូមរម្លឹងថា តាមការប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ទី៦ សីហានេះ ភូមិឋាន និងផ្លូវជាតិមួយចំនួន នៅខេត្តកោះកុង និងព្រះសីហនុ នឹងលិច ដោយសារឥទ្ធិពលខ្យល់មូសុងនិរតីធ្វើឱ្យមានភ្លៀង និងខ្យល់ខ្លាំង ដែលមានល្បឿនពី១៥ ទៅ២០ម៉ែត្រក្នុង១វិនាទី ចំណែកឯរលលកវិញមានកម្ពស់ពី ១ទៅ២ម៉ែត្រ។
ក្រសួងធនធានទឹក បានចេញសេចក្ដីប្រកាស បន្ថែមទៀតនៅថ្ងៃទី៤ សីហា នេះ ថា កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាបរបស់ព្យុះទី៨ ឈ្មោះ ហ្រង់ស៊ីសកូ និងព្យុះទី៩ នៅហ្វីលីពីន ឈ្មោះ ឡេគីម៉ា ដែលបណ្ដាលឱ្យបណ្ដាខេត្តមួយចំនួន របស់កម្ពុជា មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងពីកម្រិតមធ្យមទៅ បង្កួរ។ ក្រសួងដដែលនេះ បញ្ជាក់ ៖គឺចាប់ពីថ្ងៃទី៤ ដល់ទី១០ ខែសីហា នេះ»។
ក្រសួងឧតុនិយមដដែលនេះ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋគ្រប់បណ្ដាខេត្តទូទាំងប្រទេស សូមយកចិត្តទុកដាក់ និងឱ្យមានការប្រុងប្រយ័ត្ន។ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងមាត់សមុទ្រ៕
ដោយ៖ ឌីណា