Register Already an agent ? Login

សម្ដេច ស ខេង៖ ទោះបីមានការរឹតបន្តឹងច្បាប់ចរាចរណ៍ តែអត្រាគ្រោះនៅតែមិនថមថយ

ភ្នំពេញ៖ ទោះបីជាការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពមួយរយៈនេះ ទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមអ្នកស្លាប់នៅតែមានចំនួនច្រើន ហើយចំនួនអ្នករបួសនៅតែបន្តកើនឡើងដោយពុំទាន់មានសញ្ញាថមថយនៅឡើយ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ស ខេង ថ្ងៃទី៥ ខែសីហា នេះ។

សម្ដេច ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកថា របាយការណ៍លទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា អត្រាអ្នកស្លាប់ចំពោះអ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត បានថយចុះ ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ ៥នាក់ បើប្រៀបធៀបរយៈពេល ១៣ថ្ងៃ មុនការអនុវត្តយុទ្ធនាការ។

សម្ដេច សខេង និងបានសូមការអធ្យាស្រ័យចំពោះការដាក់ចេញវិធានការឃាត់ទុកមធ្យោបាយធ្វើដំណើរ ដើម្បីតម្រូវឱ្យអ្នកជិះម៉ុតូ ត្រូវពាក់មួកសុវត្ថិភាព មកពាក់ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតបន្តដំណើរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ប្រកបដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់។

ក្នុងនាមប្រធានប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប។ សម្ដេច បញ្ជាក់ ៖«សំដៅធ្វើយ៉ាងណាឱ្យអ្នកដំណើរតាមមធ្យោបាយទោចក្រយានយន្តទាំងអស់ពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា»៕ 

ដោយ៖ឌីណា