Register Already an agent ? Login

ពលរដ្ឋនៅភូមិមេភ្លើង សង្កាត់-ក្រុងស្វាយរៀង មានរយៈពេល ១៥ថ្ងៃ ដើម្បីពិនិត្យឈ្មោះខុស ឬត្រូវនៃការកាន់កាប់ដី

ស្វាយរៀង៖ ប្រជាពលរដ្ឋ ជាអ្នកកាន់កាប់ដីស្រែ ចម្ការ និងលំនៅដ្ឋាន ឬដីសាងសង់ ជាមួយគ្នានេះ ព្រមទាំងមន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់ការធ្វើវិនិច្ឆ័យនៃភូមិមេភ្លើង សង្កាត់-ក្រុង ស្វាយរៀង មានរយៈពេល ១៥ថ្ងៃ ដើម្បីពិនិត្យនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់ ដែលក្រុមប្រតិបត្តិកម្មវិធីបានវាស់វែង និងប្រមូលទិន្នកន្លងមក។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ចុះហត្ថលេខា ដោយអភិបាលរងខេត្តស្វាយរៀង លោក ហែម ពិសិដ្ឋ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

រយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងនៅសាលាសង្កាត់ស្វាយរៀង។ បើតាមសេចក្ដីជូនដំណឹងខាង និងបានបន្តថា ការដាក់ឱ្យចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បី «បញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងក្នុងការកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងអស់នោះ»។

លោក ហែម ពិសិដ្ឋ បានបញ្ជាក់ ៖«ផុតរយៈពេលកំណត់ខាងលើ គណៈកម្មរដ្ឋបាលសន្មត់ថា "ទិន្នន័យដែលបើកចំហរជូនពិនិត្យ ជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយបានទៀតឡើយ"»។ លោក បន្តថា ផុតលំណត់នៃការបិទផ្សាយជាសាធារណៈ គណៈកម្មការរដ្ឋបាលនឹងបូកសរុប ហើយលើកសំណើផ្ដល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេច រួចបញ្ជូនទៅរដ្ឋបាលសុរិយោដីចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់៕ 

ដោយ៖ឌីណា