ព្រះសីហនុ៖ រយៈពេល ៦ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធបានជាង ៦៩ប៊ីលានរៀល ស្មើនឹង ១០៤ភាគរយ នៃផែនការឆ្នាំ ដែលបានកំណត់ ក្នុងនោះថវិកាជាតិជាង ២០ប៊ីលានរៀល ស្មើ៨១ ភាគរយ ថវិកាថ្នាក់ក្រោមជាតិជាង ៤៨ប៊ីលានរៀល ស្មើ១១៥ភាគរយ ចំណូលពន្ធមានការកើនឡើង ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។
ចំណូលពន្ធមានការកើនឡើង ដោយសាខាពន្ធដារសហកាជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសឱ្យមកចុះបញ្ជី ជំរុញឱ្យមានការពិនិត្យភាពត្រឹមត្រូវនូវកិច្ចសន្យាជួលអចលនទ្រព្យ ការផ្សព្វផ្សាយសេចក្តីព្រាងវិធានការនានា របស់រដ្ឋបាលសារពើពន្ធ។ ជាការលើកឡើងរបស់ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ នៅកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងប្រមូលចំណូល ពន្ធក្នុងខេត្តនេះ កាលពីថ្ងៃទី១ ខែសីហា នេះ។
ការប្រមូលពន្ធនៅខេត្តព្រះសីហនុ មានការកើនឡើង ដោយសារមន្ត្រីសាខាពន្ធដារខិតខំប្រមូលប្រភពចំណូល ជាផលប្រយោជន៍ នៃប្រទេសជាតិ ។ ជាការថ្លែងរបស់លោក គង់វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃនាយកដ្ឋានពន្ធដារ និងបានលើកយក អនុសាសន៍របស់ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអំពាវនាវឱ្យគ្រប់ផ្នែកគាំទ្រអង្គភាព២ គឺពន្ធដារ និងគយ ក្នុងការកៀរគរប្រភពចំណូល។
ដោយសារខេត្តព្រះសីហនុ មានសក្តានុពលធំធេង ហើយការប្រមូលចំណូលមិនទាន់ឆ្លើយតបទៅនឹងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងធ្វើការណែនាំឱ្យមន្ត្រីពន្ធដារ ចុះផ្សព្វផ្សាយឱ្យក្រុមហ៊ុនសំណង់ក្នុងខេត្ត ត្រូវតែមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងឱ្យអ្នកវិនិយោគគិនបរទេស ត្រូវគោរពច្បាប់កម្ពុជា។ ជាការបន្ថែមរបស់ អគ្គនាយក នៃនាយកដ្ឋានពន្ធដារ។
វឌ្ឍនភាពនៃពន្ធដាមានការទទួលខុសត្រូវខ្ពស់ ទទួលបានផ្លែផ្កា យើងបានខិតខំរួមចំណែកគាំទ្រដល់ថ្នាក់ជាតិ និងក្រោមជាតិ បន្តកៀគរប្រមូលចំណូលពន្ធឱ្យកានតែច្រើនថែមទៀត។ ជាការថ្លែងរបស់ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក្នុងកិច្ចប្រជុំខាងលើ បានបន្តថា ឆ្នាំនេះចំណូលថ្នាក់ក្រោមជាតិមានចំណូលច្រើន និងខ្ពស់លើសផែនការឆ្នាំ សម្រាប់ថ្នាក់ក្រោមជាតិបានកើនឡើង។ លោក ថា នេះជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការកៀគរប្រភពចំណូលពន្ធ ក៏ប៉ុន្ដែនៅមិនទាន់អស់ពីសក្តានុពលដែល យើងមានចន្លោះប្រហោងជាច្រើន។
«ប្រភេទពន្ធមាន ៨ប្រភេទ បច្ចុប្បន្នយើងទើបតែប្រមូលបានតែ២ គឺពន្ធប្រថាប់ត្រា និងពន្ធជួលផ្ទះ»។ ជាការបញ្ជាក់ អភិបាលខេត្តព្រះសីហនុ និងបានលើកឡើងថា រដ្ឋបាលខេត្តបានប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានចុះស្រង់ស្ថិតិទីតាំងអាជីវកម្មនៅក្នុងមូលដ្ឋាន ដើម្បីយើងមានទិន្នន័យសម្រាប់មន្ត្រីពន្ធដារមានលទ្ធភាពក្នុងការប្រមូលចំណូល ពន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកាន់តែកើនឡើង ដើម្បីយកមកធ្វើការអភិវឌ្ឍមូលដ្ឋានរបស់យើង៕
ដោយ៖ ឌីណា