ក្រចេះ៖ គម្រោងសិក្សាស្វែងរុករករ៉ែលោហៈនៅតំបន់ស្នួល លើផ្ទៃដីទំហំ ១៩៨គីឡូម៉ែត្រការ៉េ ស្មើនឹង ១៩,៨០០ហិកតា ដែលមានស្ថិតនៅទីតាំង ភូមិសាស្ត្រស្ថិត ឃុំស្នួល ឃុំស្រែចារ ឃុំឃ្សឹម ស្រុកស្នួល និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ របស់ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED។ បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
គម្រោងខាងនេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដែលដឹកនាំដោយ លោក ផៃ ប៊ុនឈឿន អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី៣១ ខែកក្កដា ២០១៩។
តាមលទ្ធផលកិច្ចប្រជុំខាងលើបានសម្រេចជា ៥ចំណុចសំខាន់ៗ ដើម្បីឱ្យក្រុមហ៊ុមនៃម្ចាស់គ្រោងអនុវត្តឱ្យបានពេញលេញទៅតាមការកំណត់របស់ក្រសួងដាក់ឱ្យដូចខាងក្រោមគឺ៖
ទី១- អង្គប្រជុំគាំទ្រលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ស្នួលនេះ។ ទី២- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបានលើកឡើងកែសម្រួលឱ្យបានត្រឹមត្រូវ ដោយធ្វើបច្ចុប្បន្នភាពទិន្នន័យឡើងវិញឱ្យបានច្បាស់លាស់រួចដាក់ជូនក្រសួងបរិស្ថាន។
ទី៣- បញ្ហាដីធ្លី ម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយផ្ទៃដីដែល ពាក់ព័ន្ធទាំងដីសម្បទានសេដ្ឋកិច្ច និងដីរបស់ប្រជាជន ឱ្យបានរួចរាល់ មុននឹងចាប់ផ្តើមចុះ សិក្សាស្វែងរុករករ៉ែលោហៈ ជៀសវាងមានបាតុភាពណាមួយកើតឡើង។ ទី៤- បញ្ហាគុណភាពទឹក ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយជំនាញក្នុងការវិភាគប៉ារ៉ាម៉ែត្រ អាសេនិចឡើងវិញ។ ទី៥- ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លុបរន្ធខួងនានាឱ្យបានត្រឹមត្រូវ ក្រោយពេលបញ្ចប់ការខួងរន្ធ។
កិច្ចប្រជុំខាងលើ មានការចូលរួម អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែនិងថាមពល, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តក្រចេះ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។ បើតាមការបញ្ជាក់ក្រសួងដដែល៕
ដោយ៖ឌីណា