Register Already an agent ? Login

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ លើផ្ទៃដី ៥៥ហិកតា

ភ្នំពេញ៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក លើផ្ទៃដីទំហំ ៥៥ហិកតា ដែលស្ថិតនៅភូមិឬទ្ធី១ ឃុំកែផុស ស្រុកស្ទឺងហាវ ដោយមានការសិក្សា និងរៀបចំដោយក្រុមហ៊ុន អ៊ី&អេ ខនសាល់ធេន។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងប រិស្ថាន ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

គម្រោងខាងនេះដែរ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលញ ដែលដឹកនាំដោយ លោក សូត យា អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន។ បើតាមក្រសួងបរិស្ថានដដែល។

តាមលទ្ធផលកិច្ចប្រជុំខាងលើបានសម្រេចជា ១០ចំណុចសំខាន់ៗ ដើម្បីឱ្យក្រុមហ៊ុមនៃម្ចាស់គ្រោងអនុវត្តគឺ៖

ទី១. អង្គប្រជុំគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ ទី២. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ ទី៣. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។

ទី៤. បញ្ហាគ្រប់គ្រងសំណល់រឹង-រាវ ម្ចាស់គម្រោងត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលមានសមត្ថភាពសម្អាតសំណល់រាវ ដោយអនុលោមតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។ ចំពោះសំណល់រឹងក៏ត្រូវរៀបចំកន្លែងទុកដាក់ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ទី៥. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀងឱ្យដាច់ដោយឡែកពីគ្នា។

៦. ការប្រើប្រាស់ទឹក៖ ម្ចាស់គម្រោងត្រូវពិចារណាជីកស្រះទឹកបន្ថែម សម្រាប់ប្រើប្រាស់ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ជៀសវាងប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់ប្រជាជន។ ទី៧. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពកម្មករ និងនិយោជិត ដោយត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាព រៀបចំកន្លែងស្នាក់នៅ និងអាហារដ្ឋានឱ្យបានសមរម្យ។ ទី៨. ម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធិទាំងការជ្រើសរើសកម្មករ និងកិច្ចសហការលើដំណោះស្រាយបញ្ហាផ្សេងៗ។

៩. ម្ចាស់គម្រោងត្រូវបង្កើនមូលនិធិបរិស្ថានឱ្យបានចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ។ ទី១០. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបានលើកឡើងទៅកែសម្រួលឱ្យបានត្រឹមត្រូវ រួចដាក់ជូនក្រសួងបរិស្ថាន៕ 

ដោយ៖ឌីណា