Register Already an agent ? Login

ជនសង្ស័យ ២០នាក់ ស្ថិតនៅខណ្ឌ-ខេត្តខុសគ្នា សមត្ថកិច្ចកំពុងធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ករណីបទល្មើសគ្រៀងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់ ជនសង្ស័យ ២០នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួននៅហ្នឹងកន្លែង ដែលបានប្រព្រឹត្តបទល្មើសគ្រឿងញៀន ស្ថិតនៅខណ្ឌ-ខេត្តខុសៗគ្នា កាលពីថ្ងៃទី៣០ និង៣១ ខែកក្កដា ឆ្នាំ២០១៩។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

ករណីទី១

កម្លាំងនគរបាល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យ ៩នាក់។ បើតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ និងបានឱ្យដឹងបន្តថា ក្នុងចំណោមជនសង្ស័យខាងលើ ៣នាក់ ជាអ្នកចែកចាយ ត្រូវបានកសាងសណុំរឿងបញ្ជូនទៅតុលាការ ចំណែក ៦នាក់ផ្សេងទៀត ជាអ្នកប្រើប្រាស់ត្រូវបានឱ្យធ្វើកិច្ចសន្យា និងអប់រំរួចឱ្យវិលត្រលប់ទៅផ្ទះវិញ។

លោក ប៉ាន់ វ៉ាន់នី បានឱ្យដឹងបន្តទៀតថា សមត្ថកិច្ចបាន ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤ថង់ លុយរៀលចំនួន ៣៧ម៉ឺនរៀល, លុយដុល្លារ ៦ដុល្លារ, ទូរស័ព្ទដៃ ៧គ្រឿង, កូនកាបូប ១, កាំភ្លើងខ្យល់ ១ដើម, ដែកកេះចំនួន ១០, កាំបិតចំនួន ២, និងជញ្ជីងថ្លឹងថ្នាំ១ ហើយនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ករណីទី២

ពីរករណីទៀតស្ថិតនៅភ្នំពេញ

ប៉ូលិសអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ បើតាមប៉ូលិសប៉ុស្តិ៍មូលដ្ឋានអូបែក្អម និងបានបន្តថា ជនសង្ស័យខាងលើ ១នាក់គ្មាន មុខរបរ និងទីកន្លែងច្បាស់លាស់ ចំណែក ៣នាក់ទៀត ជាកម្មកររោងចក្រ-សំណង់ ដែលស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរដែលបន្ថែមថា សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្រាមសថ្លា ២កូនថង់តូច និងម៉ូតូ ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។

ករណីទី៣

ចំណែកករណីទី៣ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព បានឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដែលបាន រក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ បើតាមការឱ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ច និងបានបន្តថា ជនសង្ស័យខាងលើ រស់នៅស្រុកពញាឮ ខេត្តកណា្ដល ហើយក្នុងចំណោមពួកគេ ជាកម្មករសំណង់ និងម្នាក់ទៀតគ្មានការងារ ហើយក៏មានជនជាតិវៀតណាមម្នាក់ផងដែរ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទក្រាមសថ្លា ៤កញ្ចប់ថង់តូច, ម៉ូតូម៉ាក ៣គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង។ បើតាមអាជ្ញាធរដដែល និងបានបន្ថែមទៀតថា បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ៖ ឌីណា