ស្វាយរៀង៖ កម្មកររោងចក្រ ៤៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តដឹកមាន់បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានជ្រុលទៅបុករថយន្តដឹកកម្មករពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឱ្យរថយន្តដឹកកម្មករក្រឡាប់ ដែលស្ថិតនៅចំណុចភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ។
ក្នុងចំណោមកម្មករនិយោជិត ៤៣នាក់ មានអ្នករងរបួសធ្ងន់ចំនួន ១៥នាក់ ចំណែកអ្នករងរបួសស្រាលចំនួន ២៨នាក់។ បើតាមសេចក្ដីប្រកាសខាងលើ និងបានបន្តថា ជនរងគ្រោះទាំងអស់បានជួយសង្គ្រោះ ពីអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នេះដែរកើតឡើង នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ នៅម៉ោង ៦នឹង៣៥នាទី។ ក្នុងចំណោមកម្មករនិយោជិតរបួស ទាំង៤៣ គឺ ៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ភ្នំពេញ។ បើតាមការឱ្យដឹងនៃសេចក្ដីប្រកាសរបស់ក្រសួងដដែល។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ កម្មករ-កម្មការិនី ២នាក់ បានស្លាប់ និងកម្មការិនី ៣១នាក់ទៀត បានរងបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដែលកម្មករគេជិះបានក្រឡាប់ ដែលស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង៕
ដោយ៖ឌីណា