ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ ដែលបានឆរបោកប្រាក់ពីប្រជាពលរដ្ឋ ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុន (Forex Trading) នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
ជនសង្ស័យមានឈ្មោះ ឈឺ យ៉ារី ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី៣០ ខែកក្កដា នេះ ក្រោយពីចាប់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។ បើតាមការឱ្យដឹងពី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ដែលដឹកនាំប្រតិបត្តិការនេះ ប្រាប់នគរបាលជាតិ។
លោក ហួម តាំងហឿត បានបន្តថា ការចាប់ខ្លួននេះក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងមានការបញ្ជាណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ ព្រមទាំងបានចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជាច្រើននាក់ ដាក់ប្រាក់វិនិយោគលើការជួញដូរ រូបិយប័ណ្ណអន្ដរជាតិ (Forex Trading) ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់។ ប៉ុន្ដែក្រោយមក ជនសង្ស័យបានយកប្រាក់ ហើយក៏គេចខ្លួនបាត់ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់។ ជាការបន្ថែមរបស់ លោក ហួម តាំងហឿត៕
ដោយ៖ឌីណា