ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលភ្នំពេញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ដោយយកដុំថ្មកប់ ព្រមទាំងប្រើខ្សែក្រវ៉ាត់ ដើម្បីវាយជនរងគ្រោះយកម៉ូតូ នៅសង្កាត់ចាក់ អង្រែក្រោម។ បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី៣០ ខែកក្កដា នេះ។
នគរបាលជាតិបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង ៤នេះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅមុខសាលមហោស្របកោះពេជ្រ។ ពួកគេស្នាក់នៅ ខណ្ឌច្បារអំពៅ ហើយក្នុងចំណោមជនសង្ស័យទាំង ៤នាក់ មានម្នាក់គ្មានការងារពិតប្រាកដ។
ពួកគេបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះ (អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា) មាន ៣ករណីផ្សេងៗគ្នា គឺកាលពីថ្ងៃទី២ ខែមិថុនា នៅចំណុចមុខសាលារៀនចាក់អង្រែក្រោម, ថ្ងៃទី១ ខែកក្កដា នៅចំណុចមុខគ្លីនិចចាក់អង្រែក្រោមផ្ទះលេខ៥៦ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខប៉ុស្តិ៍នគរបាល រដ្ឋបាលចាក់អង្រែក្រោម ។ បើតាមការបន្ថែមនៃនគរបាលជាតិដដែល៕
ដោយ៖ឌីណា