ភ្នំពេញ៖ រយៈពេលមួយខែ កក្កដា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣២០លើក មានមនុស្សស្លាប់ចំនួន ១៣៤នាក់ និងអ្នករបួសសរុបចំនួន ៥០៩នាក់។ បើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ខាងលើបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ១ខែកក្ដដា ឆ្នាំ២០១៩ កើតឡើងចំនួន ៣២០លើក ថយចុះ ៦លើក បើធៀបទៅនឹង ខែមិថុនា បានកើតឡើងចំនួន ៣២៦លើក។ គ្រោះថ្នាក់នេះដែរ មានអ្នកស្លាប់ចំនួន ១៣៤នាក់ ថយចុះ ២០នាក់ បើធៀបទៅនឹង ខែមិថុនា មានចំនួន ១៥៤នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុង ខែក្កដា មានអ្នករងបួសសរុបចំនួន ៥០៩នាក់ កើនចំនួន ៣៦នាក់ បើធៀបទៅនឹងខែមិថុនា មានចំនួន ៤៧៣នាក់។ ចំពោះអ្នករងរបួសធ្ងន់មានចំនួន ៣១៧នាក់ កើន ១៦នាក់ បើធៀបទៅនឹងខែមិថុនា មានចំនួន ៣០៣នាក់។ សូមញ្ជាក់ អ្នកស្លាប់គ្រោះថ្នាក់ចរាចរណ៍ ១ខែកក្កដា ភាគច្រើនជាអ្នកជិះម៉ូតូ ប្រមាណ ៧៥ភាគរយ ដែលមិនពាក់មួកសុវត្ថិភាព ក្នុងនោះមានស្រ្តី ២៨នាក់ ក្នុងចំណោម អ្នកស្លាប់១៣៤នាក់។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ លើសល្បឿនកំណត់ មិនគោរពសិទ្ធិ និងអាទិភាពគ្នា មិនប្រកាន់ស្ដាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹងក្នុងពេលបើកបរ ងងុយដេក កត្តាយានយន្ត និងអាកាសធាតុ។ បើតាមរបាយការណ៍ដដែល និងបានបញ្ជាក់ រាជធានី-ខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនមានគឺ ៖«ភ្នំពេញ ៩៨លើក ស្លាប់ ២៦នាក់ និងរបួស១៥៨នាក់។ ព្រះសីហនុ ៣០លើក ស្លាប់ ១៤នាក់ របួស ៣៧នាក់។ កំពង់ស្ពឺ ១៣លើក ស្លាប់ ១៣នាក់ របួស ២១នាក់។ កណ្ដាល ១៧លើក ស្លាប់ ១២នាក់ របួស ២០នាក់។ ស្វាយរៀង ១៣លើក ស្លាប់ ៨នាក់ របួស ២២នាក់»៕
ដោយ៖ឌីណា