បន្ទាយមានជ័យ៖ ប៉ូលីសចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពឱ្យនៅមួយកន្លែងចំនួន ២,៣៥១នាក់ ដែលមានចំនួន ២,០៦៤ករណី។ ការឃាត់ខ្លួននេះមិនមានការផាកពិន័យឱ្យបង់ប្រាក់នោះទេ ប៉ុន្តែត្រូវមានមួកសុវត្ថិភាពមកពាក់សិន ដើម្បីបន្តដំណើរទៅមុខ បើមិនដូច្នេះទេត្រូវចាំនៅមួយកន្លែងរហូតដល់មានមួកពាក់។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
ការឃាត់អ្នកជិះម៉ូតូឥតមួកសុវត្ថិភាពនេះដែរ ដោយមានការណែនាំពីសម្ដេច ស ខេង ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១នៃឆ្នាំ២០១៩» កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ សម្ដេច បានមានប្រសាសន៍ថា ១ខែហ្នឹង យើងមិនផាកលុយទេ តែត្រូវឃាត់ម៉ូតូទុក ចាំរកមួកបានចាំឱ្យទៅមិនមានមួកគឺមិនឱ្យទៅតែទេ។ «បន្ទាប់ពីវិធានការរយៈពេល១ខែនេះហើយ នគរ បាលចរាចរណ៍ ត្រូវផាកពិន័យជាប្រាក់ឡើងវិញ»។ ជាការបញ្ជាក់ របស់សម្ដេចស ខេង៕