ភ្នំពេញ៖ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ប្រើវិធានការក្ដៅ ចំពោះអ្នកគេចវេះបង់ពន្ធ លោក បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនបានប្រើល្បិចបញ្ឆោត បុគ្គលដទៃដែលមានការយល់ដឹងទាបជាងខ្លួន ឱ្យឈរឈ្មោះជាម្ចាស់ភាគហ៊ុន និងជាអភិបាល បង្កើតក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីនៅនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជីលើតម្លៃបន្ថែម។ បើតាមសេចក្ដីជូនដំណឹង របស់ អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោក គង់ វិបុល បានបន្តថា ការធ្វើបែបនេះ ដើម្បីយកទៅប្រើប្រាស់ចេញវិក័្កយបត្រក្លែងក្លាយឱ្យក្រុមហ៊ុន មួយផ្សេងទៀត ក្នុងគោលបំណងក្លែងបន្លំដាក់បញ្ជុលជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងលើធាតុចេញ និងបញ្ចូលជាបន្ទុកចំណាយដើម្បីកាត់បន្ថយពន្ធលើប្រាក់ចំណូល។
«អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាត់វិថានការចាំបាច់នានាទៅតាមផ្លូវច្បាប់ ក្នុងការស្វែងរកបុគ្គល ដែលបានប្រព្រឹត្ត ដើម្បីយកមកផ្ដន្ទាទោស»។ ជាការសង្កត់ធ្ងន់ របស់ លោក គង់ វិបុល និងបានបន្តទៀតថា សូមសាធារណជន ព្រមទាំងធុរជនទាំងអស់ រួមទាំងបុគ្គលដែលត្រូវបានគេជួលឱ្យឈរឈ្មោះជំនួស សហការ និងផ្ដល់ព័ត៌មានអំពីសកម្មភាពប្រព្រឹត្តបទល្មើសគេចវេះនេះ មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពង្រឹងការអនុវត្តច្បាប់ ក្នុងការកាត់បន្ថយការគេចវេះបង់ពន្ធ។
ច្បាប់ស្ដីពីសារពើពន្ធ មាត្រា១២៧ បានចែងថា ៖«ដោយមិនគិតដល់ទោសទណ្ឌផ្សេងទៀត អភិបាល បណ្ណាធិការ កម្មសិទ្ធិកររបស់សហគ្រាសណាមួយ ឬបុគ្គលទទួលខុសត្រូវឱ្យសហគ្រាសណាមួយដែលបានប្រព្រឹត្តអំពើគេចវេះពន្ធ នៃច្បាប់នេះត្រូវរងនូវការផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០ ០០០ ០០០(ដប់លានរៀល) ដល់ ២០ ០០០ ០០០(ម្ភៃលានរៀល) ឬជាប់បន្ធធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ឬទោសទាំងពីរ៕