Register Already an agent ? Login

ពាក់កណ្ដាលឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានចំនួន ជាង១ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានចំនួន ១៥២៦,៥៤លានដុល្លារ ស្មើនឹង ៦៦,៧១ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ បានកើនឡើង ៣២៤,៥៨លានដុល្លារ ស្មើនឹង២៨,៩៤ភាគរយ។

លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែមិថុនា ឆ្នាំ២០១៩ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៨៨,០៦ ប៊ីលានរៀល ប្រមាណជា ១៩៧,០២លានដុល្លារ ស្មើនឹង ៨,៦១ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើប្រៀបធៀបទៅនឹងចំណូលពន្ធ-អាករ ប្រចាំខែមិថុនា ឆ្នាំ២០១៨ បានកើនឡើងចំនួន ២២៨,៧០ប៊ីលានរៀល ប្រមាណជា ៥៧,១៨លានដុល្លារ ស្មើនឹង៤០,៨៩ភាគរយ។ បើតាមការឱ្យពី លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល «ប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងសមិទ្ធផលឆមាសទី១ ឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តបន្ត» កាលថ្ងៃទី២៣ ខែកក្កដា នេះ លោក គង់ វិបុល បានឱ្យដឹងបន្តថា សម្រាប់រយៈពេល ៦ខែ ឆ្នាំនេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៦ ១០៦,១៧ប៊ីលានរៀល (ប្រមាណ១៥២៦,៥៤លានដុល្លារអាមេរិក) ស្មើនឹង ៦៦,៧១ភាគរយ នៃផែនការប្រចាំឆ្នាំ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បន្ថែមថា ប្រសិនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធ-អាករសម្រាប់រយៈពេល៦ ខែ ឆ្នាំ២០១៩ បានកើនឡើងចំនួន ១ ៣៧០,៣២ប៊ីលានរៀល ប្រមាណជា ៣២៤,៥៨លានដុល្លារអាមេរិក) ស្មើនឹង២៨,៩៤ភាគរយ៕

ប្រភព៖ដើមអំពិល