ភ្នំពេញ៖ ប្រទេសកាណាដានឹងបញ្ចេញទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក ក្នុងគម្រោងទិញសម្លៀកបំពាក់ខ្មែរ សម្រាប់ឆ្នាំ២០១៩-២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិន ជាការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ បើតាមទំព័រហ្វេសប៊ុកនៃក្រសួងពាណិជ្ជកម្មថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។
វឌ្ឍនភាពសេដ្ឋកិច្ច និងកំណើននាំចេញរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ បានកើនចាប់ពីទឹកប្រាក់ ១ប៊ីលានដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។ ជាការលើកឡើងរបស់ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយ ២០១៩ លោកហ្គារី រ៉ូស (Gary Ross) ប្រធានក្រុមហ៊ុន Reitman កាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា នេះ។
នៅក្នុងជំនួបនេះដែរ ប្រធានក្រុមហ៊ុន Reitman បានបង្ហាញសុទិដ្ឋិនិយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួច ព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។ លោក ហ្គារី រ៉ូស បានបន្តថា ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិន។
ជាការឆ្លើយតប រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ចកម្ម លោក ឱក ប៊ុង បានថ្លែងអំណរគុណចំពោះលោក ហ្គារី រ៉ូស ដែលបានផ្តល់ទំនុកចិត្តមកលើការដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេស ៖«កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដំណើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោយប្រទេសទាំងពីរ»។
ប្រធានក្រុមហ៊ុន Reitman រូបនេះ បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់របស់ក្រុមហ៊ុន និងតែងឆ្លើយតបយ៉ាងវិជ្ជមានចំពោះក្តីកង្វល់ និងសំណូមពរនានា របស់ភាគីកាណាដា។
ក្រុមហ៊ុន Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក។ ជាការរំលឹកនៃក្រសួងពាណិជ្ជកម្ម ដែលកម្ពុជា-កាណាដា មានទំណាក់ទំនងពាណិជ្ជកម្មជាមួយគ្នាជិត ២០ឆ្នាំកន្លងទៅ៕
ដោយ៖ ឌីណា