Register Already an agent ? Login

លោក អ៊ាង សុផល្លែត៖ ការដាំដើមឈើមួយដើម ជួយជីវិតសត្វលោកបានមួយ

ត្បូងឃ្មុំ៖ ការដាំដើមឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ និងការពារនូវគ្រោះមហន្តរាយនានា ព្រមទាំងបានចូលរួមបង្កើនគម្របព្រៃឈើបៃតងឡើងវិញ។ ម្យ៉ាងទៀត ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី ចូលរួមក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ពិសេសនោះគឺ «ការដាំដើមឈើមួយដើម ជួយជីវិតសត្វលោកបានមួយផងដែរ»។ ជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត លេខាធិការក្រសួងបរិស្ថាន។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ការដាំដើមឈើ បានឆ្លុះបញ្ចាំងឱ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន ការប្រែប្រួលអាកាសធាតុ ហើយនិងកាត់បន្ថយគ្រោះធម្មជាតិជាដើម។ ជាការថ្លែងរបស់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពេលដាំកូនឈើនៅវត្តទួលសូភី កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

នៅពេលដាំកូនឈើ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំអស់និងអ្នកចូលរួមថា សូមចាប់ផ្ដើមដាំដើមឈើកុំបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំដើមឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងភោគសម្បត្ដិឱ្យកាន់តែមានសម្រស់ស្រស់បំព្រងសម្រាប់សង្គមជាតិទាំងមូល។

នៅក្នុងឱកាសនេះដែរ លោក អ៊ាង សុផល្លែត បានប្រគេនព្រះសង្ឃនិងដាំកូនឈើបង្គ្រប់ ចំនួន ១.០៧០ដើម នៅក្នុងបរិវេណវត្តទួលសូភី ជាមួយមន្ត្រីរាជការ អាជ្ញធរមានសមត្ថកិច្ចទាំងបីប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស៕ 

ដោយ៖ ឌីណា