Register Already an agent ? Login

អភិបាលខេត្តកំពង់ចាម៖ រដូវវស្សាមកដល់ក្ដី តែស្រុកបីក្នុងខេត្តកំពង់ចាមជួបកំពុងគ្រោះរាងស្ងួតដើម្បីធ្វើស្រែ

កំពង់ចាម៖ រដូវវស្សាបានមកដល់ហើយក្ដី តែប្រជាពលរដ្ឋចំនួន ៣ស្រុក នៃខេត្តកំពង់ចាមនៅតែខ្វះទឹកដើម្បីបង្កបង្កើនផលដំណាំស្រែនៅឡើយ ក្នុងនោះដែរមានដូចជា ស្រុកជើងព្រៃ បាធាយ និងស្រុកព្រៃឈរ។ ម្យ៉ាងវិញទៀត ប្រឡាយមេ បានរីងរាក់ និងពុំមានទឹកគ្រប់គ្រាន់សម្រាប់កសិករប្រើប្រាស់ ហើយប្រភពទឹកក៏នៅឆ្ងាយ ជាហេតុធ្វើឱ្យ ប្រជាកសិករមួយចំនួនជួបផលលំបាកក្នុងជីវភាព។ បើតាមគេហទំព័រក្រសួងមហាផ្ទៃថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

បច្ចុប្បន្ន មានស្រុកមួយចំនួន ៣ កំពុងប្រឈមទៅនឹងការកង្វះទឹកធ្វើស្រែនោះ តាមរយៈនេះ សូមអាជ្ញាធរមូលដ្ឋាន ពិនិត្យ និងតាមដានឱ្យដោយយកចិត្តទុកដាក់បំផុត ជាពិសេសអភិបាលស្រុកដែលពាក់ព័្ធន្ធ សូមរាយការណ៍ មករដ្ឋបាលខេត្ត ដើម្បីយើងពិភាក្សា ជាមួយមន្ទីរធនធានទឹករកវិធីសាស្ត្រដោះស្រាយជូនប្រជាពលរដ្ឋយើង។ ជាការស្នើរបស់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ទៅមន្រ្តីក្រោមឱវាទរបស់ លោក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា នេះ។

ដោយឡែក នាពេលឆាប់ៗខាងមុខនេះ យើងនឹងប្រឈមបញ្ហាគ្រោះជំនន់ទឹកទន្លេមេគង្គ ក្នុងនោះមានក្រុង ស្រុក ចំនួន ៦ ដូចជា ស្រុកស្ទឹងត្រង់ កំពង់សៀម ក្រុងកំពង់ចាម កងមាស កោះសួទិន និងស្រុកស្រីសន្ធរ តែងទទួលរងគ្រោះទឹកលិចជារៀងរាល់ឆ្នាំ ។ ជាការលើកឡើងរបស់ អភិបាលខេត្តកំពង់ចាមដែលទើបចូលកាន់តំណែងថ្មី និងបានបន្តថា ប្រការនេះ យើងទាំងអស់គ្នា ក៏បានក្ដាប់នូវព័ត៌មានអំពីស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេជារៀងរាល់ឆ្នាំ ដើម្បីស្រង់ទិន្នន័យ លើកផែនការសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេស ការរកទីកន្លែងសម្រាប់តាំងទីលំនៅថ្មី ឱ្យឆ្ងាយពីកន្លែងប្រឈមនោះ។

នៅក្នុងកិច្ចប្រជុំខាងលើ លោក អភិបាលសូមឱ្យមានការអន្តរាគមន៍ ពីអាជ្ញាធរថា្នក់ជាតិជួយដោះស្រាយ បញ្ហាទាំងអស់នេះ ពីព្រោះខេត្តពុំមានលទ្ធភាព ក្នុងការដោះស្រាយឡើយ ពោលគឺទាមទារឱ្យមានការជួយ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះនោះ ។ លោក បានបន្តទៀតថា ទន្ទឹមគ្នានេះដែរ តោងតែអាជ្ញាធរនៅក្នុងដែនសមត្ថកិច្ច ក៏ត្រូវមានការទទួលខុសត្រួវផងដែរ ជាពិសេសការចុះអន្តរាគមន៍ ការត្រៀមបង្ការ និងការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណី មានគ្រោះទឹកជំនន់ ឈានមកដល់។

«ជាមួយគ្នានេះដែរ អាជ្ញាធរ និងស្ថាប័នជំនាញក៏ត្រូវរៀបចំនូវទូក កាណូត និងទីទួលសុវត្ថិភាព ព្រមទាំងការជួយផ្គត់ផ្គង់ ស្បៀងអាហារ ថ្នាំសង្កូវឱ្យទាន់ពេលវេលាជាដើម»។ ជាការសង្កត់ធ្ងន់របស់ លោក អ៊ុន ចាន់ដា និងបានថ្លែងបន្តទៀតថា ទាក់ទិនទៅនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស បទល្មើសផ្សេងៗក្នុងនោះមានដូចជា ការនេសាទខុសច្បាប់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន។

អភិបាលខេត្តរូបនេះក៏បានសូមណូមពរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមយកចិត្តទុកដាក់ និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត។ លោក បញ្ជាក់ ៖«ដោយនៅចំពោះមុខ សូមណែនាំដល់មន្ត្រីរាជការក្រោមឱវាទកុំឱ្យពាក់ព័ន្ធ ជាមួយនឹងបទល្មើសទាំងអស់នេះ បើមិនដូច្នោះទេ នឹងត្រូវអនុវត្តវិធានការផ្លូវច្បាប់ ដោយមិនទុកឱ្យនរណាម្នាក់រួចខ្លួនឡើយ៕

ដោយ៖ឌីណា