Register Already an agent ? Login

អភិបាលខេត្តត្បូងឃ្មុំ៖ កុំ៤ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍

ត្បូងឃ្មុំ៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតឹងរឹងបំផុតចៀសវាងឱ្យបានជាដាច់ខាតនូវកុំ ៤ គឺ៖«កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍» ក្នុងករណីបទល្មើស គ្រឿងញៀន ពិសេសបង្ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព។ ជាការហាមប្រាមរបស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បើតាមការផ្សាយគេហទំព័ររបស់ក្រសួងមហាផ្ទៃថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ការហាមប្រាមរបស់ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព» កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុនសែនសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

នៅក្នុងពិធីប្រារព្ធទិវាខាងលើ លោក ជាម ច័ន្ទសោភ័ណ បានព្រមានធ្ងន់ៗថា នឹងដាក់ទោសដល់មន្ត្រីណា ដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន ហើយនឹងចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន។ លោក បញ្ជាក់ ៖«ខេត្តត្បូងឃ្មុំ នឹងបង្កើតមណ្ឌលកែប្រែក្នុងពេលខាងមុខ ប្រយោជន៍ដើម្បីជួយបន្សាបដល់ជនរងគ្រោះដោយសារធាតុគ្រឿងញៀន ហើយឈានក្លាយជាពលរដ្ឋល្អក្នុងសង្គម»។ 

អភិបាលខេត្តត្បូងឃ្មុំ បានផ្ដាំផ្ញើទៅសិស្សានុសិស្សដែលបានចូលរួមថា ជាយុវជនគំរូនិងជាជនបង្គោល ត្រូវចូលរួមដំណើរការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។

របាយការណ៍របស់ លោក គន់ សុភា អភិបាលរងខេត្ត និងលោក លោក បែន រ័ត្ន ស្នងការខេត្តបានឱ្យដឹងថា យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលបានបង្ហាញថា បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានអ្នកកំពុងប្រើគ្រឿងញៀន សរុបប្រមាណ ៨៩៦នាក់ ពិសេសនៅក្នុងសហគមន៍ខ្មែរឥស្លាម។ ចំនួននេះគួរឲ្យព្រួយបារម្មណ៍ បើធៀបទៅនឹងនិងចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានស្ម័គ្រចិត្តចូលមកទទួលសេវាព្យាបាលបឋម នៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប្រមាណ ២,១២ភាគរយប៉ុណ្ណោះ បើធៀបទៅនឹងចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ដែលទទួលសេវាព្យាបាល នៅតាមប្រព័ន្ធមណ្ឌលសុខភាពនានា ចំនួនត្រឹមតែ ១៩នាក់៕ 

ដោយ៖ ឌីណា