Register Already an agent ? Login

ជនបរទេស ១០សញ្ជាតិត្រូវបានអាជ្ញាធរមានសមត្ថកិច្ចដកហូតឯកសារមិនប្រក្រតី

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់មានចំនួន ៣៧៤៤១ច្បាប់ ស្មើនឹង ២០០៩៣គ្រួសារ ដោយមានមនុស្សចំនួន ៦៨៩៨៨១នាក់ ក្នុងនោះមាន ១០សញ្ជាតិ ភាគច្រើនជាជនជាតិវៀតណាម។ ឯកសារមិនប្រក្រតីទាំងនោះរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាដើម។ បើតាមគេហទំព័រផ្លូវការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ។

បើយើងមិនដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ទាំងនេះេទជនបរទេសជិត ៧ម៉ឺននាក់នេះនឹងទទួលបាន សញ្ជាតិ ខ្មែរដោយស្វ័យប្រវត្តិ។ នេះជាការថ្លែងរបស់ សម្ដេច សខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំ ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំដដែលនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសង្កត់ដូច្នេះថា ៖«នេះជាកំហុសរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញក្នុងការផ្តល់ លិខិតឯកសាររដ្ឋបាល មិនប្រក្រតីទាំងនោះដល់ជនបរទេស។ រីឯ ជនបរទេស ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវទាំងនោះក៏ប្រឈមនឹងការទទួលទោសតាមច្បាប់។ ម្យ៉ាងទៀត នៅពេលនេះបើយើងមិនធ្វើនោះយើង នឹងខុស ហើយកំហុសនេះនៅស្ថិតស្ថេរ និងជាកំហុសប្រវត្តិសាស្ត្រ»។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជាចំនួន ៦០៥៦១ឯកសារ ដោយមានមនុស្ស ២៨៥៧ គ្រួសារ និងមានសមាជិកសរុប ៨ ម៉ឺន ៨ ពាន់ ១១២នាក់ ដែលក្នុងនោះមាន ១១សញ្ជាតិ។ ពោលគឺ បច្ចុប្បន្ន យើងមានជនបរទេសរស់នៅស្របច្បាប់នៅកម្ពុជា ជិត ៩ម៉ឺននាក់ ដោយបូករួមទាំងជនបរទេសដែលកំពុងជាប់ពន្ធនាគារប្រមាណ ២០០នាក់ ទៀតផងដែរ។ បើតាមការប្រកាសរបស់សម្ដេច សម្ដេច ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅក្នុងកិច្ចប្រជុំខាងលើ៕

ដោយ៖ឌីណា