Register Already an agent ? Login

លោក ឃួង ស្រេង៖ អភិបាលខណ្ឌទាំង១២ ត្រូវពិនិត្យបទដ្ឋានបចេ្ចកទេសមុនអនុញ្ញាតឱ្យសាងការដ្ឋានសំណង់ផ្ទះ ២ ទៅ៣ជាន់

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ទៅមន្រ្តីក្រោមឱវាទដែលមានខណ្ឌទាំង ១២ ថា មុននឹងអនុញ្ញាតឱ្យម្ចាស់ការដ្ឋាន ផ្ទះ ទោះបីពីរជាន់ ឬបីជាន់ក៏ដោយ ត្រូវត្រួតពិនិត្យពីបញ្ហាបច្ចេកទេស និងការគោរព តាមបទដ្ឋាននគរូបនីបញ្ញាតិជាមុន ដើម្បីចៀសវាងនូវគ្រោះថ្នាក់នាពេលខាងមុខ។

ករណីជាក់ស្តែងអំពីហេតុការណ៍ ដែលបានកើតឡើងកន្លងទៅថ្មីៗនេះ នៅខេត្តព្រះសីហនុ អ្នកដែលទទួលខុសត្រូវ គឺជាអាជ្ញាធរដែនដីតែម្តង មិនមែនមន្ទីរដែនដីនោះទេ។ នេះជាការលើកឡើងរបស់ លោក ឃួង ស្រេង ទៅកាន់អភិបាលខណ្ឌទាំង១២ ក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យ ការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ គ្មានច្បាប់អនុញ្ញាត នៅភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំខាងលើ លោក អភិបាលរាជធានីភ្នំពេញបានលើកឡើងបន្តថា បើអាគារនឹងវាជាបុរី ពីរទៅបីជាន់ ចេញច្បាប់ពីរាជធានីភ្នំពេញឱ្យបុកគ្រឹះបណ្តើរៗ ប៉ុន្តែត្រូវមានការធានាថា បច្ចេកទេសពីសេនាធិការរបស់យើងច្បាស់លាស់ ថាមិនអីទេធ្វើទៅកើត ដោយគោរពតាមបទដ្ឋាននគរូបនីតិបញ្ញតិ្ត។ ម្យ៉ាងទៀត បច្ចេកទេសរបស់ម្ចាស់សំណង់ មានភាពរឹងមាំ ព្រមទាំងធានាបាននូវការរស់មិនមានការភ័យព្រួយ នាពេលអនាគត។ ដូច្នេះ បញ្ហាបច្ចកទេសមិនត្រូវបណ្តោយតាមតែម្ចាស់សំណង់ឡើយ ហើយក្នុងនាមអាជ្ញាដែនដីមានសត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ ពីព្រោះវាជារឿងសំខាន់ ពាក់ព័ន្ធទៅនឹងបច្ចេកទេសសាងសង់សំណង់ និងអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប។

កិច្ចការមួយចំនួនជាពិសេស ការធ្វេសប្រហែស របស់អភិបាលខណ្ឌចាស់ទាំង១២ ហាក់មិនសូវយកចិត្តទុកដាក់ និងស្តាប់ការណែនាំរបស់លោក អំពីការបើកឱ្យចរាចរណ៍ ចំពោះរថយន្តក្រឡុកស៊ីម៉ងត៍ តាមពេលវេលា ដែលបានកំណត់កន្លងមក ដោយអនុវត្តិនូវមានកម្រិតធ្វើឱ្យស្ថានភាពក្នុងក្រុងខ្វះសណ្ដាប់ធ្នាប់ និងកើតមានបញ្ហាកកស្ទះជាដើម។ បើតាមការលើកឡើងបន្ថែម របស់ លោក ឃួង ស្រេង ដែលចង់សង្កត់ធ្ងន់ទៅលើបញ្ហាដដែលៗរបស់អតីតអភិបាលខណ្ឌ។

លោក អភិបាលរាជធានី បានថ្លែងបញ្ជាក់ថា ៖«ថ្ងៃនេះយើងតម្រឹមគ្នា យ៉ាងម៉េច គឺកន្លែងខ្លះបើត្រូវធ្វើរបាយការណ៍ ទៅក្រសួងដែនដីត្រូវធ្វើ ហើយកន្លែងខ្លះត្រូវធ្វើទៅក្រសួងមហាផ្ទៃត្រូវធ្វើ»។ លោកបន្ថែមថា «ការរំលឹករឿងទាំងអស់នេះ ដោយសារមានការធ្វេសប្រហែសច្រើន ហើយខ្ញុំចង់បញ្ជាក់ក្នុងថ្ងៃនេះថា អ្វីៗទាំងឡាយ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ចអាជ្ញាធរណា អ្នកហ្នឹងជាអ្នកទទួលខុសត្រូវ»៕

ប្រភព៖ ដើមអំពិល