ភ្នំពេញ ៖ ក្រុមហ៊ុនអន្តរជាតិ៦ បោះទុនទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិក ទៅលើគម្រោងវិស័យសុខាភិបាលនៅកម្ពុជា ដោយមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាព។ ជាពិសេសទៅទៀត ក្រុមហ៊ុនអន្តរជាតិទាំង ៦ ក៏មានការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន សែន។
ក្រុមហ៊ុនអន្តរជាតិចំនួន៦ បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាស សម្ដេច ហ៊ុន សែន អញ្ចើញចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជពិភពលោក (WTO) ទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនទាំង៦ បានលើកឡើងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ពិសេសកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលធ្វើអោយក្រុមហ៊ុនទាំង៦ មានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ហើយការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។
ជាការឆ្លើយតប សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើម មិនត្រឹមតែប៉ុណ្ណោះ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងរួមទាំងវិស័យថាមពលផងដែរ។
សម្ដេចតេជោនាយកមន្ត្រី ក៏បានអរគុណចំពោះក្រុមហ៊ុនអន្តរជាតិទាំង៦ ដែលបានចាប់អារម្មណ៍ចង់ទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសុខាភិបាលនេះ។ សម្តេចលើកឡើងថា កន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។
ក្នុងជំនួបនេះដែរ តំណាងក្រុមហ៊ុនទាំង៦ បានឱ្យដឹងថា បានរៀបចំគម្រោងរួចហើយទាក់ទងនឹងវិស័យសុខាភិបាល ដែលពួកគេបានរៀបចំនូវគម្រោងវិនិយោគលើទឹកប្រាក់ប្រមាណជាប្រមាណជា ៤០លានដុល្លារ។ លើសពីនេះទៅទៀតក្រុមហ៊ុន ក៏មានបំណងចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។
ក្នុងបរិយាកាសនោះដែរ សម្តេច បានមានប្រសាសន៍ថា ប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។
សម្ដេច បន្តថា បច្ចុប្បន្ន ដោយសារតែកម្ពុជាមានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបំរើសេវាកម្មផ្នែកសុខាភិបាលនៅដល់ភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។
នៅក្នុងជំនួបដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមឱ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងលើវិស័យដែលមានបំណងចង់វិនិយោគនោះ ជាពិសេសលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចសង្កត់ថា ប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋ និងសាលាឯកជនគឺកាន់តែប្រសើរ៕