ភ្នំពេញ៖បើទោះបីវិស័យកសិកម្មនៅបន្ត មានកំណើនទាបក្ដី ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា កំពុងបន្តមានដំណើរការយ៉ាងល្អ ដោយត្រូវបានរំពឹងថា កំណើន សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,១% ដែលគាំទ្រដោយកំណើនរឹងមាំ នៃវិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសប្រារព្ធខួបលើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ មិថុនា នេះថា “សម្រាប់ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា ៧, ១% ដែលគាំទ្រដោយ កំណើនរឹងមាំនៃវិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ។ គួរកត់សម្គាល់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ រាល់សកម្មភាពសេដ្ឋកិច្ចកំពុងបន្តមានដំណើរការយ៉ាងល្អ” ។
សម្តេចតេជោបន្តថា ជាក់ស្តែង រយៈពេល៤ខែ ដើមឆ្នាំ គម្រោងវិនិយោគ ១១៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារ ត្រូវបានអនុម័ត ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ មាន ៨១គម្រោង និងទុនវិនិយោគប្រមាណ ៨៦៣លានដុល្លារ ។ ក្នុងនោះ ការនាំចេញផលិតផលកាត់ដេរនៅតែមានកំណើនខ្ពស់ , ការនាំចេញអង្ករ សម្រេចបានជាង ២១ម៉ឺនតោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ កើនឡើង ៨,៣% ។ វិស័យសំណង់ និងអចលនទ្រព្យក៏នៅតែបន្តកំណើនខ្ពស់ ។ ជាមួយគ្នានេះ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង ២,៤លាននាក់ កើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។
សម្តេចតេជោ បានថ្លែងបន្តថា ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាស្ថិតនៅក្នុងចំណោម ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយសម្រេចបាន កំណើនជាមធ្យមក្នុងអត្រាជាង ៧% ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើននៃវិស័យ ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងដឹកជញ្ជូន ។
ជាងនេះទៀត សម្តេចថា កម្ពុជាបានចាកចេញ ពីឋានៈជាប្រទេសមានចំណូលទាបមក ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពី ការរំពឹងទុក ដោយសម្រេចបានកំណើន ៧,៥% ធៀបនឹងការគ្រោងទុក ៧,១% ពីដើមឆ្នាំ ដោយសារតែស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនវិនិយោគឯកជន កំណើនតម្រូវការប្រើប្រាស់ កំណើននៃការនាំចេញ និងកំណើនភ្ញៀវទេសចរ៕
ប្រភព : www.dap-news.com