ភ្នំពេញ៖ លោក អ៊ូ ណាក់យ៉ុង (Oh Nak-Young) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តបន្តរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក ឲ្យមានការវិវត្តន៍រីកចម្រើនបន្ថែមទៀត នាពេលខាងមុខ។
ការឲ្យដឹងបែបនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងា ររវាងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ជាមួយ លោក អ៊ូ ណាក់យ៉ុង (Oh Nak-Young) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការគម្រោងជំនួយលើវិស័យធនធានទឹក ។
នៅក្នុងមតិស្វាគមន៍លោករដ្ឋមន្រ្តី តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែក ជួយជ្រោមជ្រែងដល់ដំណើរការ អភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសលើវិស័យធនធានទឹក ដែលបច្ចុប្បន្ននៅតែជាអាទិភាពមួយសំខាន់ ដើម្បីដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជម្រុញកំណើនលូតលាស់ សេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារជាអាទិភាពនាពេលបច្ចុប្បន្ន និងចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយ នូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួល អាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការ ប្រើប្រាស់និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយ លោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលការងារលើវិស័យធនធានទឹក ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្ត ដែលត្រូវអនុវត្តក្នុងបេសកកម្ម រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច ឲ្យបានកាន់តែប្រសើរថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្តបន្តរួមចំណែក ជួយរបស់សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត ។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ បានផ្តោតលើវឌ្ឍនភាពការងារ នៃគម្រោងលើវិស័យធនធានទឹក ដែលបានអនុវត្តក្រោមជំនួយ ឧបត្ថម្ភ របស់សាធារណរដ្ឋកូរ៉េ និងតម្រូវការលើគម្រោង បន្តចំពោះមុខ ដោយក្នុងនោះ សាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែក ជួយលើគម្រោងការគ្រប់គ្រងធនធានទឹក នៅតំបន់ដីសណ្តរទន្លេមេគង្គ ការធ្វើទំនើបកម្មប្រព័ន្ធតាមដាន ស្វ័យប្រវត្តិផ្នែកឧតុនិយម និងការគ្រប់គ្រងទិន្នន័យធនធានទឹក ជាបន្ថែមទៀត។លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រ និងជួយពីសាធារណរដ្ឋកូរ៉េ ដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែក លើការជួយលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក នៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ទិសដៅបន្ត ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។
សូមជម្រាបថា ពាក់ព័ន្ធនឹងវិស័យធនធានទឹក រហូតមកដល់ពេលនេះ សាធារណរដ្ឋកូរ៉េ បាននឹងកំពុងជួយដល់កម្ពុជាលើគម្រោង៖ ទី១) គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង ទី២) គម្រោងទំនប់ពហុបំណងដូនទ្រី ស្ទឹងមោងឬស្សី ខេត្តបាត់ដំបង និងទី៣) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ៕