Register Already an agent ? Login

ក្រុមហ៊ុន KrisEnergy Ltdផ្ដើមធ្វើ 3D ស៊ីស្ម៊ីក ប្លុកAរបស់កម្ពុជាលើទំហំផ្ទៃដី១២០០គីឡូម៉ែត្រការ៉េសម្រាប់អភិវឌ្ឍន៍អណ្ដូងប្រេងអប្សរា

ភ្នំពេញ៖ក្រុមហ៊ុន KrisEnergy Ltdបានប្រកាសចាប់ផ្ដើមចាប់ផ្ដើម ធ្វើ 3D ស៊ីស្ម៊ីកលើទំហំផ្ទៃដី ១២០០ គីឡូ ម៉ែត្រការ៉េ នៅ ក្នុង Block Aរបស់កម្ពុជា ដើម្បីធ្វើការអភិវឌ្ឍ អណ្ដូងប្រេង អប្សរា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន KrisEnergy Ltdបានឲ្យដឹងថា KrisEnergy Ltd គឺជាក្រុមហ៊ុន រុករកប្រេងកាត និងឧស្ម័ន ឯករាជ្យមួយ ដែលផ្ដោតសំខាន់លើការរុករក អភិវឌ្ឍ និងផលិតផលប្រេងកាត និងឧស្ម័ន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្រុមហ៊ុននេះក៏បាន ចូលរួមនៅ ក្នុងប្លុក ១០ នៅក្នុងដំណាក់កាលផ្សេងៗ នៃការអភិវឌ្ឍ វាយតម្លៃ និងរុករកផ្សេងគ្នា នៅក្នុងប្រទេសបង់ក្លាដែស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម ផងដែរ។ KrisEnergy Ltd មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ដែលប្រតិបត្តិ ការ អណ្ដូងប្រេងប្លុក A នៅក្នុងសមុទ្រ របស់ប្រទេសកម្ពុជា ដោយបានចាប់ផ្ដើមធ្វើ 3D ស៊ីស្ម៊ីកនៅក្នុងតំបន់ រុករកប្រេងរបស់ខ្លួន។ 

ក្រុមហ៊ុននេះ បានក្លាយជាភាគទុនិកលើកដំបូង សម្រាប់ប្លុក A កាលពីឆ្នាំ២០១០ មុនពេលការទិញភាគហ៊ុន ដែល គ្រប់គ្រង ដោយក្រុមហ៊ុន អាមេរិក Chevron ក្នុងតម្លៃ ៦៥ លានដុល្លារ។ ក្រុមហ៊ុន KrisEnergy គ្រប់គ្រង ៩៥ ភាគរយ នៃអណ្ដូងប្រេងអប្សរា នៅក្នុងប្លុក A ខណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងភាគហ៊ុននៅសល់ ៥ ភាគរយ។

សេចក្ដីប្រកាស បញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន KrisEnergy Ltd នឹងអាចសម្រេចបាន តាមការ កំណត់ពេលវេលារបស់ខ្លួន ក្នុងការទាញយក តំណក់ប្រេងលើកដំបូងរបស់ខ្លួន នៅចុងឆ្នាំ២០១៩ ហើយ ការវិវឌ្ឍនេះបង្ហាញឲ្យឃើញថា ដំណើរការក្នុងការទាញយកប្រេង បាននិងកំពុងខិតកាន់តែជិតហើយ ។

សេចក្ដីប្រកាសបន្តថា ក្រុមហ៊ុន Shearwater Geoservices Singapore Pte Ltd ត្រូវបានផ្ដល់កិច្ចសន្យា លើគម្រោង ស៊ីស្ម៊ីក តាមរយៈ KrisEnergy (Apsara) Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុង និង ប្រើប្រាស់នាវាស៊ីស្ម៊ីក SW Vespucci សម្រាប់គម្រោងនេះ។ 

សេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុនសង្កត់ធ្ងន់ថា ការធ្វើស៊ីស្ម៊ីកលើផ្ទៃដី ប្រហែលជា ២០០គីឡូម៉ែត្រការ៉េ នឹ ត្រូវធ្វើ ឡើងនៅតំបន់អភិវឌ្ឍន៍អប្សរា ដើម្បីទទួលបានកាន់តែច្បាស់នូវរូបភាព នៃតំបន់ភូគព្ភសាស្ដ្រ និងតំបន់ខ្សាច់នានា ដើម្បីជាជំនួយក្នុងការបញ្ចប់ ការរចនាគន្លងអណ្ដូងប្រេង មុនពេលការខួងប្រេង អភិវឌ្ឍសម្រាប់ដំណាក់កាល ដំបូងចាប់ផ្ដើម ។

សេចក្តីប្រកាសដដែល បញ្ជាក់ថា ផ្ទៃដីក្នុងទឹកប្រហែលជា ១០០០ គីឡូម៉ែត្រការ៉េ នឹងត្រូវធ្វើឡើង នៅតំបន់ ដ៏ធំមួយ ដែលស្ថិតនៅភាគនិរតី នៃតំបន់សម្បទាននេះ ដែល 2D ស៊ីស្ម៊ីក ធ្លាប់ត្រូវបានធ្វើរួចមកហើយ ដើម្បីទទួល បានទិន្នន័យ ដែលមានគុណភាព កាន់តែល្អប្រសើរ នៅក្នុងតំបន់នេះផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនKrisEnergy Ltd បានក្លាយជាភាគទុនិកលើកដំបូង សម្រាប់ប្លុក A កាលពីឆ្នាំ២០១០ មុនពេលការទិញភាគហ៊ុន ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Chevron ក្នុងតម្លៃ ៦៥ លានដុល្លារ។ KrisEnergy បានគ្រប់គ្រង ៩៥ភាគរយ នៃអណ្ដូងប្រេងអប្សរា នៅក្នុងប្លុក A ខណៈដែលរាជដ្ឋាភិបាលកម្ពុជា គ្រប់គ្រងភាគហ៊ុននៅសល់ ៥ ភាគរយ។

សូមរំលឹកថា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងកាលពីឆ្នាំ ២០១៧ ថា ប្លុក A របស់កម្ពុជា ត្រូវបានជឿជាក់ថា នឹងមានប្រេងប្រហែល ៣០ លានបារ៉ែល ដែលអាចទាញយក បានរហូតដល់ រយៈពេល៩ ឆ្នាំ ៕ 

ប្រភព : www.dap-news.com