Register Already an agent ? Login

គណៈកម្មការចំនួន៨ នឹងចុះពិនិត្យគុណភាពលក្ខណៈបច្ចេកទេសសំណង់ទាំងអស់កំពុងសាងសង់នៅព្រះសីហនុ

ភ្នំពេញ ៖ ក្រោយពីឧបទ្ទេវហេតុ បាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ដែលបានបណ្ដាលឲ្យមនុស្ស ចំនួន២៨នាក់ស្លាប់ និង២៦នាក់ បានរងរបួស រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការចំនួន៨ ហើយនឹងចុះត្រួតពិនិត្យ គុណភាពលក្ខណៈបច្ចេកទេស នៃសំណង់ទាំងអស់ ដែលបាននឹងកំពុងសាងសង់ នៅលើទឹកដីក្រុងព្រះសីហនុ។ នេះបើយោងតាមបណ្ដាញ សង្គមរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំណង់ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម ពីម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ នៅខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ជា សុផារ៉ា បានណែនាំ មន្ត្រីត្រួតពិនិត្យការដ្ឋានសំណង់ទាំងអស់ បានត្រឹមត្រូវ។ មុននឹងសាងសង់ ត្រូវមានច្បាប់អនុញ្ញាត លិខិតបើកការដ្ឋានជាដើម…។

លោកបានមានប្រសាសន៍ថា “រាល់សំណង់ដែលគ្មានច្បាប់ ចាប់ពីពេលនេះទៅអាជ្ញាធរ ត្រូវដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមច្បាប់។ ចំពោះមុខនេះ យើងនឹងបង្កើតគណៈកម្មការ ដើម្បីចុះត្រួតពិនិត្យរាល់សំណង់ទាំងអស់ ។ គណៈកម្មការនឹងចុះធ្វើការងារ នេះដោយប្រាកដប្រជាបំផុត និងព្រមទាំងបានរំលឹក ម្ចាស់សំណង់ទាំងអស់ ត្រៀមឯកសារ ទាក់ទិននឹងសំណង់របស់ខ្លួន និងកុំមានទម្លាប់ពេលគណៈកម្មការ ចុះទៅហុចស្រោមសំបុត្រ” ។

ជាមួយនេះដែរ លោក ជា សុផារ៉ា បានស្នើមន្ត្រីនៃគណៈកម្មការទាំង៨ ត្រូវធ្វើតាមជំនាញ។

កិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីក៏អំពាវនាវ ឲ្យវិនិយោគិននឹងនរចិត្ត ព្រោះគណៈកម្មការ ចុះទៅមិនមែនបំភ័យបំភិតដុត ឲ្យខ្លោចរោលឲ្យឆៅនោះទេ។ តែគឺជាការគាំទ្រឲ្យអនុវត្ត តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធានាបរិមាណ និងគុណភាព កុំមានការមន្ទិលសង្ស័យ និងភិតភ័យ៕ 

ប្រភព : www.dap-news.com