Register Already an agent ? Login

គម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២និងលេខ២២ចំណាយថវិកាជាង៥៦លានដុល្លារ

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោងក្រោមឥណទានសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុប ៥៦,១០០.០០០ ដុល្លារ ក្នុងនោះថវិកាគ្រោងសម្រាប់ការសាងសង់(Civil Works)មានចំនួន ៤៣.៦០១.០០០ដុល្លារនិងថវិកាបម្រុង(Cortingencies) មានចំនួន ៨.០៩១.០០០ ដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩នេះបានឲ្យដឹងថាគម្រោងនេះឆ្លងកាត់រាជធានី-ខេត្តចំនួន៣រួមមាន ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។

ក្រសួងបន្ដថា គម្រោងផ្លូវជាតិលេខ២ចាប់ផ្តើមពីរង្វង់មូលតាខ្មៅ(ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់(ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ)និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ដល់ផ្លូវជាតិលេខ៣ត្រង់ផ្សារអង្គតាសោម។ 

ប្រភពដដែលបន្ថែមថា គម្រោងបានបែងចែកជា៣កំណាត់ផ្លូវធំៗមានដូចជា៖

កំណាត់ទី១, ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្ត្រីបីកួរស្រូវដែលមានប្រវែង ៨,៧៤ គ.ម។កំណាត់ទី២, ចាប់ផ្តើមចេញពី រង្វង់មូលស្រ្តីបីកួរស្រូវដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៣,៨១៩ គ.ម ស្ថិតក្នុងតំបន់ជនបទ។ និងកំណាត់ទី៣ ,ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ដល់ផ្សារអង្គតាសោម(ផ្លូវជាតិលេខ២២)ដែលមានប្រវែង ៩,៦១១ គ.ម ស្ថិតក្នុងតំបន់ជនបទ។ 

សូមរំលឹកថា កិច្ចសន្យាសាងសង់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េរវាងក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយសាងសង់ក្រុមហ៊ុន HANSHIN Engineering & Construction Co. Ltd នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លើទំហំទឹកប្រាក់ ៤៥.៧៥០.០០០ដុល្លារ មិនទាន់គិតថវិកាបម្រុងនិងរយៈពេលសាងសង់ ៣០ខែផងដែរ៕ 

ប្រភព : www.dap-news.com