ភ្នំពេញ ៖ លោក លុគ អានណុល (Luke Arnold) អនុប្រធានស្ថានទូតអូស្រ្តាលី បានអះអាងថា លោកនឹងពាំនាំយកបញ្ហា និងតម្រូវការក្នុងខេត្តព្រះសីហនុ ដាក់ជូនរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពិនិត្យមើលគំរោង ដែលត្រូវផ្តល់ជំនួយ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស អនុប្រធានស្ថានទូតអូស្រ្តាលី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ ទាក់ទងការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងការរៀបចំ Esat Asia Summit ជាមួយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលការងារ លើគម្រោងផ្តល់ជំនួយ ដោយរដ្ឋាភិបាលអូស្រ្តាលី ។
លោកអនុប្រធាន មានប្រសាសន៍ថា “ជំនួបសម្តែងការគួរសម ពិភាក្សាការងារទាក់ទង ការវិនិយោគក្នុងខេត្តព្រះសីហនុ និងពិភាក្សាការងារមួយចំនួន ទាក់ទងនិងការវិនិយោគ នៅក្នុងខេត្តព្រះសីហនុ និងការរៀបចំសំរាប់ East Asia Summit ។ ក្នុងជំនួបនេះ ដើម្បីពិនិត្យមើលការងារ គំរោងដែលផ្តល់ជំនួយ ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ខេត្តព្រះសីហនុ ហើយបញ្ហាអ្វីខ្លះ ដែលរដ្ឋបាលខេត្តត្រូវការ នឹងពាំនាំយកទៅ ដាក់ជូនរដ្ឋាភិបាលអូស្ត្រាលី” ។
លោកក៏បានកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ដែលបាននឹងកំពុងកសាង និងអភិវឌ្ឍន៍ យ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំនេះ ដែលមានអគារពាណិជ្ជកម្ម សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ កំពុងរីកដុះដាលយ៉ាងច្រើន ដែលមិននឹកស្មានដល់ ហើយសង្ឃឹមថា ខេត្តព្រះសីហនុ នឹងបន្តការអភិវឌ្ឍលឿន ជាងបណ្តាខេត្តនានានៅកម្ពុជា ជាក់ជាមិនខាន ។
ជាការឆ្លើយតប លោក ជាវ វិជ្ជាក់ បានលើកឡើងថា ខេត្តមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន៥ កំពុងដំណើរការ ពិសេសអ្នកវិនិយោគចិន ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ កោះចំនួន៣៣ កំពង់ផែទឹកជ្រៅមានទំនិញចេញ ចូលកុងតឺន័រឆ្លងកាត់ ៧៣ភាគរយ ការជំរុញការសាងសង់ ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ។
លោកថា ជាមួយការអភិវឌ្ឍនេះ ខេត្តក៏មានបញ្ហា មួយចំនួនផងដែរដូចជា ការអភិវឌ្ឍ និងវិនិយោគយ៉ាងកំហុក ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានការកកស្ទះចរាចរណ៍ ស្ទះលូ និងបរិស្ថាន និងបញ្ហាប្រឈមមួយចំនួនទៀត ៕
ប្រភព : www.dap-news.com