ភ្នំពេញ ៖ សាធារណរដ្ឋកូរ៉េ នឹងនាំយកបច្ចេកវិទ្យា វិស័យសំណង់មកប្រជែងទីផ្សារ ក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈចិនបានជាប់លំដាប់ថ្នាក់ទី១ លើការវិនិយោគវិស័យ សំណង់នៅកម្ពុជា។ការប្រជែងទីផ្សារនេះ បន្ទាប់ពីកម្ពុជា និងកូរ៉េ បានធ្វើវេទិការធុរកិច្ច សម្ភារៈសំណង់កម្ពុជា-កូរ៉េ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល។
លោក ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយករដ្ឋានសំណង់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េ នឹងធ្វើឲ្យមានការប្រកួតប្រជែង ឧបករណ៍ក៏ដូចជា សម្ភារៈ ក្នុងវិស័យសំណង់នៅកម្ពុជា ។ ការប្រកួតប្រជែងនេះ នឹងធ្វើឲ្យមានភាពទាក់ទាញ ផ្នែកគុណភាពកាន់តែល្អប្រសើរថែមទៀត។
លោកបានបញ្ជាក់ថា «ការប្រកួតប្រជែង នឹងធ្វើឲ្យទីផ្សារយើង មានទំនិញកាន់តែច្រើន ហើយមានគុណភាព របស់សម្ភារៈសំណង់ទាំងឡាយ ដែលយើងចង់សាងសង់ នៅពេលអនាគត» ។
ជាមួយគ្នានោះដែរ លោក ឆាន់ សូរ្យផល ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ វិស័យសំណង់ មានការកើនឡើង ចំនួនជាង៦០%បើធៀបដូចគ្នាក្នុងឆ្នាំ២០១៨ ។
លោកបន្ថែមថា កម្ពុជាបានកំពុងតែខិតខំ ធ្វើគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកវិនិយោគ ព្រោះទទួលបានសុខសន្តិភាព ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ តាមរយៈគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន ។
សម្រាប់ការនាំចូល សម្ភារៈសំណង់ពីកូរ៉េនេះដែរ ត្រូវបាន លោក ឆាន់ សូរ្យផល អះអាងថា កម្ពុជាមិនផ្តោតសំខាន់អ្វីនោះទេ ប៉ុន្តែគឺអាស្រ័យលើតម្រូវការទីផ្សារ ពិសេសតម្រូវការប្រជាពលរដ្ឋ ដែលខិតខំធ្វើការជាប្រចាំថ្ងៃ ដើម្បីសាងសង់សំណង់ ទុកជាកេរ្តិ៍មរតក ឲ្យកូនចៅជំនាន់ក្រោយ។
លោកបញ្ជាក់ថា កម្ពុជាមានការវិនិយោគច្រើន ចំពោះវិស័យសំណង់ពីក្រុមហ៊ុនបរទេស ប៉ុន្តែចិនបាននាំមុខគេ ក្នុងការវិនិយោគលើវិស័យសំណង់។ លោកថា ការនំាចូលសម្ភារៈសំណង់ពីកូរ៉េ ក៏បានចូលរួមជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ចជាតិផងដែរ ។ នៅឆ្នាំ២០១៩នេះ វិស័យសំណង់ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងឆ្នាំ២០១៨ ៕
ប្រភព : www.dap-news.com