Register Already an agent ? Login

លោក ប៉ាវ ស៊ីណា ស្នើឱ្យសហភាពអឺរ៉ុប បន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដល់កម្ពុជា

ភ្នំពេញ ៖លោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនាកម្មករកម្ពុជា បានស្នើទៅកាន់លោកស្រី Alina Boicius តំណាងប្រតិភូ នៃស្នងការពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ឲ្យបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងបន្ថែមការបញ្ជាទិញ ឱ្យកាន់តែច្រើនជាងមុន ដើម្បីផ្តល់ឱកាស និងបង្កើនការងារ ដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមផេក របស់សហភាព ចលនាកម្មករកម្ពុជា ។

ក្នុងជំនួបរយៈពេល១ម៉ោងកន្លះ ជាមួយ លោកស្រី Alina Boicius តំណាងប្រតិភូ នៃស្នងការពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះនាទី ស្នាក់ការប្រតិភូ នៃសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញលោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនាកម្មករកម្ពុជា និងជាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ ថ្លែង ថា នារយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបជាបន្តបន្ទាប់ ស្តីពីវិធាននានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ។ ក្រៅពីនេះ នៅមានចំណុចមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយ ដូចជា ការទម្លាក់បទចោទប្រកាន់នានា មកលើមេដឹកនាំ និងសកម្មជនសហជីព ការពិនិត្យឡើងវិញ នៃការអនុវត្តច្បាប់ស្តីពីសហជីព ការធ្វើសកម្មភាព របស់អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ដោយមិនចាំបាច់ជូនដំណឹង ទៅកាន់អាជ្ញាធរមូលដ្ឋាន រួមទាំងការអនុញ្ញាត ឱ្យស្ថាប័នព័ត៌មានមួយចំនួន បើកដំណើរការការងាររបស់ខ្លួន ឡើងវិញផងដែរ។

ប្រធានសហភាព ចលនាកម្មករកម្ពុជា បញ្ជាក់បន្ថែមថា ទោះបីការឆ្លើយតបទាំងនេះ នៅមិនទាន់មានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយក៏ដោយ តែនេះជាសញ្ញាវិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែង រួមគ្នាដោះស្រាយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ 

ក្នុងនាម ជាប្រធានស្ថាប័នឯករាជ្យមួយរូប និងជាអ្នកធ្វើការងារបម្រើ ឱ្យកម្មករទាំងវិស័យកាត់ដេរ សំណង់ សេវាកម្ម អ្នកធ្វើការតាមផ្ទះ និងកម្មករក្រៅប្រព័ន្ធ លោក ប៉ាវ ស៊ីណា ពិតជាមិនចង់ឃើញកម្មករណាម្នាក់ ក្លាយជាជនរងគ្រោះ និងជាចំណាប់ខ្មាំង របស់ក្រុមអ្នកនយោបាយណាមួយឡើយ ហេតុដូច្នេះហើយ ទើបលោកសំណូមពរ ដល់សហគមន៍អឺរ៉ុប នូវចំណុចមួយចំនួនដូចខាងក្រោម ៖

១/ ស្នើឱ្យសហគមន៍អឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់កម្ពុជាឱ្យនៅដដែល។

២/ ស្នើឱ្យសហគមន៍អឺរ៉ុប បន្ថែមការបញ្ជាទិញពីកម្ពុជា ឱ្យកាន់តែច្រើនជាងមុន ដើម្បីផ្តល់ឱកាស និងបង្កើនការងារ ដល់ប្រជាពលរដ្ឋកម្ពុជា។

៣/ ស្នើឱ្យសហគមន៍អឺរ៉ុប បន្តការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដើម្បីរួមគ្នាដោះស្រាយ នូវចំណុចខ្វះខាត ផ្សេងៗ ឱ្យកាន់តែមានភាពល្អប្រសើរ ជាងពេលបច្ចុប្បន្ន៕ 

ប្រភព : www.dap-news.com