Register Already an agent ? Login

ស្ថានទូតចិនប្រចាំកម្ពុជា ផ្ដល់មូលនិធិពិសេសសម្រាប់គ្រប់គ្រងទឹក និងប្រើប្រាស់អាងទន្លេមេគង្គ ឲ្យសម្រេចបានភាពរុងរឿង

ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជា វិទ្យាស្ថានស្រាវជ្រាវ ឯករាជ្យ ឈានមុខ ផ្នែកគោលនយោបាយអភិវឌ្ឍន៍ និងជាស្ថាប័នមាន ប្រវត្តិពិសេស ដោយធ្លាប់បានចូលរួមក្នុងគម្រោងស្រាវជ្រាវផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងវិស័យជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់កាលពីពេលថ្មីៗនេះបានទទួលថវិកាពី “មូលនិធិពិសេសនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង” ផ្តល់ដោយ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាមួយស្តីពី “ការទូតក្នុងការគ្រប់គ្រងទឹកនៅអាងទន្លេមេគង្គ ដើម្បីឲ្យមានការប្រើប្រាស់អាងទន្លេជារួម និងសម្រេចបានភាព រុងរឿង” នៅក្នុងប្រទេសកម្ពុជាចិន ឡាវ ថៃ និង វៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីការ ទូតក្នុងការគ្រប់ គ្រងទឹកនៅអាងទន្លេមេគង្គ ដើម្បីឲ្យមានការប្រើប្រាស់អាងទន្លេជារួម និងសម្រេចបានភាពរុងរឿង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានឲ្យដឹងថា

គម្រោងនេះមានគោលដៅ៖ ១)ធ្វើការស្រាវជ្រាវពីវិធីសាស្ត្រដោះស្រាយបញ្ហាទឹកនៅប្រទេស ក ម្ពុជា ចិន ឡាវ ថៃ និង វៀតណាម ២)ពិនិត្យពីបញ្ហាប្រឈមផ្សេងៗក្នុងការ ចរចាលើបញ្ហាទឹក និងជម្រើសផ្នែកគោលនយោបាយដើម្បីដោះស្រាយបញ្ហាទាំងនេះ ៣)ផ្តល់មតិដល់អ្នកធ្វើការសម្រេចចិត្ត និងរបៀបវារៈផ្នែកគោលនយោបាយសំខាន់ៗ ដើម្បីអាចសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមប្រទេសនីមួយៗ និងនៅក្នុងអាងទន្លេមេគង្គទាំងមូល និង ៤)លើកកម្ពស់សមត្ថភាព ចំណាប់អារម្មណ៍ និងការតាំងចិត្តរបស់អ្នកពាក់ព័ន្ធសំខាន់ៗនៅគ្រប់កម្រិត និងពង្រីកចំណេះដឹងនៅតាមសាកលវិទ្យាល័យនានាតាមរយៈការដាក់បញ្ចូលលទ្ធផលស្រាវជ្រាវឃើញ ទៅក្នុងឯកសារសម្រាប់ការបង្រៀន/ការបណ្តុះបណ្តាលអំពីការអភិវឌ្ឍប្រកប ដោយចីរភាព។

គម្រោងស្រាវជ្រាវនេះ ជាកិច្ចសហការរវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MoFAIC), វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), នឹងស្ថាប័នអនុវត្តគម្រោងចំនួន ៨ គឺមាន វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), សាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា (PUC), វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR), សាលាវិទ្យាសាស្ត្របរិស្ថាននិងវិស្វកម្ម នៃសាកលវិទ្យាល័យភាគខាងត្បូងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (SUSTech, China),គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា (CNMC), គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ (LNMC), គណៈកម្មាធិការជាតិទន្លេមេគង្គថៃ (TNMC) និង គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម (VNMC)។

ស្ថាប័នជាដៃគូស្រាវជ្រាវនីមួយៗ នឹងផ្តល់ព័ត៌មានសង្ខេបពីអាងទន្លេមេគង្គ និងបញ្ហាជាប់ទាក់ទិននានា ដោយមានការផ្តោត លើ ១)បទពិសោធន៍និងចម្លើយតបតាមដំណើការទូត ដើម្បីដោះស្រាយបញ្ហាទឹក ២)ផលពាក់ព័ន្ធផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងបរិស្ថាន ទៅលើការអភិវឌ្ឍអាងទន្លេមេគង្គ និង ៣)ចក្ខុវិស័យជាយុទ្ធសាស្ត្រ និងបេសកកម្មទៅអនាគត សម្រាប់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង។

ដោយផ្អែកលើលទ្ធផលរកឃើញសំខាន់ៗ វិទ្យាស្ថាន CDRI នឹងកសាងនូវ ក្របខ័ណ្ឌការទូតក្នុងការគ្រប់គ្រងទឹក (WDF) មួយ ហើយនឹងចងក្រងបោះពុម្ពផ្សាយនូវឯកសារពិភាក្សាមួយ ដោយមានការចូលរួមពីដៃគូនីមួយៗនៅតាមប្រទេសទាំង ៥ ខាងលើ៕ 

ប្រភព : www.dap-news.com