Register Already an agent ? Login

កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ បង្កើនការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីការអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ រាជរដ្ឋាភិបាលមានក្ដីសង្ឃឹមថា កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនការនាំចេញ អង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត។

ការបង្ហាញក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររវាង ក្រសួងពាណិជ្ជកម្មជាមួយក្រុមហ៊ុន CITIC Construction Co., Ltd, នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការចុះហត្ថលេខានេះ បានឲ្យដឹងថា គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជួយដល់ កសិករធុរជន និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើការជំរុញការនាំចេញអង្ករឲ្យបានយ៉ាងតិច១លានតោនក្នុងមួយឆ្នាំតាម រយៈការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតនៅតាមទីតាំងយុទ្ធសាស្ត្រ និងការដាក់ឲ្យអនុវត្តយន្តការយកស្រូវ-អង្ករស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន។ 

គម្រោងនេះ ដើម្បីទប់ស្កាត់កុំឲ្យឈ្មួញទុច្ចរិត អាចឆ្លៀតឱកាសបង្ខូចថ្លៃស្រូវ ក៏ដូចជាដើម្បីជួយឲ្យកសិករទុកស្រូវបានយូរ អាចលក់បានតាមថ្លៃសមរម្យនិងមានលទ្ធភាព ទទួលបានឥណទាន ពេលត្រូវការចាំបាច់ តាមរយៈការយកស្រូវស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ។ គម្រោងនេះ មិនមានសេវាកិនស្រូវទេ ដើម្បីការពារកុំឲ្យមានការប្រកួត ប្រជែងជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ។ បន្ទាប់ពីគម្រោងនេះ ដាក់ឲ្យប្រតិបត្តិការ កសិករនិងរោងម៉ាស៊ីនកិនស្រូវ នឹងមានឡសម្ងួត ឃ្លាំងស្តុក និងទុនបង្វិលបន្ថែម ព្រមទាំងជួយបន្ថយចំណាយ (ថ្លៃដើម) ចាប់ពីដំណាក់កាល ប្រមូលផលដល់ដំណាក់កាលលក់អង្ករ ។

រយៈកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុហ៊ុនហ្គ្រីនត្រេដ នឹងធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន១២កន្លែងដែលមានសមត្ថភាព ស្តុកសរុបចំនួន ៨២៧,០០០តោន និងឡសម្ងួតចំនួន១០កន្លែង ដែលមានសមត្ថភាពសម្ងួតស្រូវបានចំនួន ១៣ ០០០ តោន ក្នុងមួយថ្ងៃ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្ត ព្រះសីហនុ ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មប្រចាំខែមករាឆ្នាំ២០១៩ បានបញ្ជាក់ថា កម្ពុជានាំចេញអង្ករទៅកាន់ទិសដៅចំនួន៣៥ប្រទេស ។ ក្នុងនោះ ចិនលេខ១ , បារាំងលេខ២ , ម៉ាឡេស៊ីលេខ៣ , ហ្កាបុងលេខ៤ , ប្រ៊ុយណេលេខ៥ , អេស្ប៉ាញលេខ៦ , អាល្លឺម៉ង់លេខ៧ , ណេដឺឡែនលេខ៨ , ឆែកលេខ៩ និងអូស្ដ្រាលីលេខ ១០ ៕ 

ប្រភព : www.dap-news.com