ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំពិភាក្សា លើសំណើសុំសាងសង់ស្ពានដែក សម្រាប់ទ្របំពង់នាំទឹកទំហំ ២ម៉ែត្រ ឆ្លងទន្លេសាប នៅខាងជើងស្ពានព្រែកព្នៅ ដើម្បីពិនិត្យទៅលើសំណើ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
កិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការ កោតសរសើរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពេលវេលា ក្នុងការសិក្សា និងផ្តល់ធាតុចូលលើគម្រោងនេះ។ បន្ថែមពីនេះ រដ្ឋលេខាធិការ ក៏ស្នើឲ្យគណៈកម្មការអន្តរក្រសួង ធ្វើការសិក្សាឲ្យបានលម្អិត ដើម្បីធានានូវសុវត្ថិភាព សោភណ្ឌភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា គម្រោងនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីតបណ្ដាញទឹកពីស្ថានីយបូមទឹកបាក់ខែង មកតំបន់ភាគខាងលិច ដោយឆ្លងកាត់ទន្លេសាប (តំបន់ស្ពានព្រែកព្នៅ) និងផ្លូវជាតិលេខ ៦A ៕
ប្រភព : www.dap-news.com