Register Already an agent ? Login

អាជ្ញាធរភ្នំពេញ ត្រៀមដាក់ដំណើររថយន្តក្រុងថ្មី ៨០គ្រឿងទៀត ក្រោយទទួលពីជប៉ុន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានិងកំពុងត្រៀមលក្ខណៈ និងចាត់ចែងឲ្យក្រុមការងារ ចុះពិនិត្យទីតាំងជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួន ជាផ្លូវឯកទិស និងផ្លូវ អាទិភាព ដើម្បីដាក់ឲ្យដំណើរការសេវា រថយន្តក្រុងសាធារណៈថ្មីចំនួន ៨០គ្រឿង ក្រោយទទួលបានពី រដ្ឋាភិបាលជប៉ុន។

បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសេវា រថយន្តក្រុងសាធារណៈ ចំនួន២៣៥គ្រឿង និងរត់លើផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ១៣ខ្សែ។ ជាមធ្យមក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋធ្វើដំណើរ ចន្លោះពី២ម៉ឺន៦ពាន់នាក់ ទៅ៣ម៉ឺននាក់។ 

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ថានីយ៍ចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីភាគី ជប៉ុននៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការកំណត់ផ្លូវអាទិភាព សម្រាប់រថយន្តក្រុងសាធារណៈនេះ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូន តាមរយៈមធ្យោបាយសាធារណៈ រួមមួយនេះឲ្យកាន់តែទទួល បានប្រជាប្រិយភាព ដើម្បីទាក់ទាញអ្នកជិះកាន់ច្រើនឡើង ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះ ការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។

លោកថា គម្រោងកែលម្អផ្លូវអាទិភាព សម្រាប់រថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញនេះ ដោយសារតែបណ្តាផ្លូវខ្សែរត់ រថយន្តក្រុងមួយចំនួនចត យានយន្តគ្មានសណ្តាប់ធ្នាប់ ហើយមានការរំលោភលើចំណីផ្លូវ សាធារណៈដែលបង្កការរំខាន ដល់ការធ្វើដំណើររបស់រថយន្តក្រុង ពុំបានលឿនរហ័សទាន់ចិត្ត។

លោក ឃួង ស្រេង ប្តេជ្ញាពន្លឿនការធ្វើកិច្ចការនេះ ឲ្យបានឆាប់ដើម្បីដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ កំពុងកើតឡើងជាញឹកញាប់ ក្នុងរាជធានីភ្នំពេញ និងកាត់បន្ថយការរំខាន ដល់ការធ្វើដំណើរពលរដ្ឋប្រកប ដោយភាពងាយស្រួល និងធានាសុវត្ថិភាព។

ចំណែក លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងដែរថា មធ្យោបាយ ដឹកជញ្ជូនតាមរយៈរថយន្តក្រុង មានផលប្រយោជន៍ ច្រើនសម្រាប់ទីក្រុង និងមានសុវត្ថិភាពសំរាប់ អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ពលរដ្ឋ នឹងជួយជំរុញឲ្យរាជធានីភ្នំពេញ ដោះស្រាយបានបញ្ហា កកស្ទះចរាចរណ៍៕ 

ប្រភព : www.dap-news.com