Register Already an agent ? Login

សម្ព័ន្ធពាណិជ្ជករ អ & អេហ្វបើកសម្ពោធជាផ្លូវការ ដោយផ្ដោតសំខាន់ លើទីក្រុងភ្នំពេញ អនាគតជោគជ័យរួមគ្នា

ភ្នំពេញ៖ សម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា ក្រោមប្រធានបទ “អនាគតរួមគ្នានៅភ្នំពេញ” ត្រូវបានដាក់សម្ពោធ ដំណើរការជាផ្លូវការ ដោយមានការអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់នាយកគ្រប់គ្រង ពាក់ព័ន្ធនៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា ដៃគូសហការផ្នែកយុទ្ធសាស្ត្រ នៃសម្ព័ន្ធពាណិជ្ជករ ម្ចាស់អាជីវកម្មគ្រប់វិស័យ ប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅអាគារផ្នែកលក់ របស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា។

លោក វ៉ាង ជីហាវ អគ្គនាយកនៃ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០១៩ គឺជាឆ្នាំទី២ដែលក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានចាក់ឫសនៅលើទីផ្សារកម្ពុជា។ គម្រោងបុរី អ & អេហ្វ និង គម្រោង អ & អេហ្វ ហ័រហ៊្វូ មិនត្រឹមតែជាសមិទ្ធផលដំបូង របស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅក្នុងកម្ពុជាប៉ុណ្ណោះនោះទេ តែក៏ជាគម្រោងដែលមានស្ដង់ដារខ្ពស់ អមដោយក្របខណ្ឌអភិវឌ្ឍន៍ប្រទេស “ខ្សែក្រវាត់មួយ ផ្លូវមួយ” (One Belt One Road) របស់រាជរដ្ឋាភិបាល ដែលទទួលបានភាពជោគជ័យ យ៉ាងធំធេងកន្លងមកនេះ។ 

លោកបន្តថា ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ច នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ “កៀកស្និទ្ធនឹងសរសៃជីពចរនៃទីក្រុង បង្កើតនូវជីវភាពរស់នៅ ដ៏ស្រស់បវរ” ហើយក៏ មិនបំភ្លេចដែរពីបេសកកម្ម ក្នុងការក្លាយខ្លួនជាក្រុមហ៊ុន អភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលឈានមុខគេ នៅលើឆាកអន្តរជាតិផងដែរ។

លោកវ៉ាង ជីហាវ បានឲ្យដឹងបន្ថែមថា ហេតុនេះហើយទើប ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានសហការជាមួយសភាពាណិជ្ជកម្មចិន-កម្ពុជា ព្រមទាំងសហគ្រាស មានឈ្មោះបោះសំឡេងនានា ដែលប្រចាំនៅកម្ពុជា បង្កើតឡើងនូវវេទិកាសន្ទនា សម្រាប់សម្ព័ន្ធពាណិជ្ជករកម្ពុជា ដើម្បីផាសុខភាពនាពេលបច្ចុប្បន្ន និងវឌ្ឍនភាពនាពេលអនាគត របស់ពាណិជ្ជករនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ក្នុងឱកាសនោះផងដែរ អ្នកតំណាងមកពីគ្រប់វិស័យ ក៏បានចែករំលែកបទពិសោធន៍រៀងៗខ្លួន អំពីការយល់ឃើញ និងទស្សនវិស័យ លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លង មកនេះ។ ស្ថានភាពនៃការអភិវឌ្ឍអាជីវកម្ម នៅប្រទេសកម្ពុជាទាំងមូល ពុំទាន់មានភាពរឹងមាំនៅឡើយទេ ព្រមទាំងមានកង្វះខាត ជាច្រើនទៀតផង។ រីឯទម្រង់អាជីវកម្មបែបចាស់ បុរាណទាំងនោះ ក៏មិនសក្ដិសមទៅនឹងទំនោរ អភិវឌ្ឍន៍នាថ្ងៃអនាគត របស់រាជធានីភ្នំពេញដែរ។ ចំណែកឯការបើកដំណើរការ សម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា គឺស្របទៅតាមតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយបង្កើតនូវប្រព័ន្ធអេកូសេដ្ឋកិច្ច ដែលអនុញ្ញាត ឱ្យពាណិជ្ជកររួមរស់ រួមសុខ រួមជោគជ័យទាំងអស់គ្នា ដែលអាចជួយជំរុញវឌ្ឍនភាព ជាពហុសម្ព័ន្ធនិងការលើកកម្ពស់ ជាអចិន្ត្រៃយ៍។

ជាមួយនឹងបណ្ដាញខ្សែរយៈដ៏រឹងមាំ ជុំវិញពិភពលោករបស់ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នាំឱ្យសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ ចំនួនអតិថិជនយ៉ាងសន្ធឹកសន្ធាប់ និងមានកម្រិតថេរជានិច្ច បូករួមជាមួយ នឹងគោលនយោបាយបញ្ចុះតម្លៃនានា និងការសិក្សាទៅលើសក្ដានុពល គ្រប់ទស្សនវិស័យ របស់ក្រុមអតិថិជន ដែលអាចសម្រេចបាន នូវលំហូរអតិថិជន និងការចែករំលែកព័ត៌មានឱកាស ពាណិជ្ជកម្មនានា ឱ្យគ្នាទៅវិញទៅមកបាន។ 

ទន្ទឹមនឹងនេះ ជំនួយពីបណ្ដាញម៉ាកយីហោដ៏រឹងមាំ រួមជាមួយនឹងធនធាន ប្រព័ន្ធផ្សព្វផ្សាយ ប្រាកដជាអាចជួយធ្វើការផ្សព្វផ្សាយ ឲ្យម្ចាស់អាជីវកម្មបានយ៉ាងពេញទំហឹង។ ក្រៅពីនេះ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ក៏នឹងគ្រោងរៀបចំ វេទិកាពិភាក្សាបញ្ហាសេដ្ឋកិច្ច និងទីផ្សារជាប្រចាំ ដើម្បីដឹកនាំពាណិជ្ជករ គ្រប់អាជីវកម្មឱ្យធ្វើការផ្ដោះប្ដូរព័ត៌មានគ្នា ទៅវិញទៅមក ក្នុងគោលបំណងពង្រីកបណ្ដាញ ខ្សែរយៈកាន់តែច្រើន និងពង្រឹងកំលាំង ហិរញ្ញវត្ថុទីក្រុងភ្នំពេញ ឲ្យកាន់តែខ្លាំង។

ទន្ទឹមនឹងការកសាងជីវភាព ដ៏ស្រស់បវរ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ក៏សង្ឃឹមថា នឹងអាចបង្កើតនូវគុណតម្លៃដល់វឌ្ឍនភាព នៃរាជធានីភ្នំពេញបាន។ វាក៏ជាមោទនភាពមួយផងដែរ សម្រាប់ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ដែលមានឱកាសចូលរួមចំណែក ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ រាជធានីភ្នំពេញ ជាមួយនឹងពាណិជ្ជករគ្រប់វិស័យ ប្រចាំនៅទីរក្រុងភ្នំពេញ ព្រមទាំងដៃគូសហការនានា រួមគ្នារីកចម្រើនលូតលាស់ ទៅមុខជានិច្ច៕

ប្រភព : www.dap-news.com