Register Already an agent ? Login

រាជរដ្ឋាភិបាលកំណត់ យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំ ជាងគេក្នុងចំណោម ប៉ូលសេដ្ឋកិច្ចទាំង៣

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំជាងគេ ក្នុងចំណោម ប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៣ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោក សាយ សំអាល់ បានឲ្យដឹងថា ថ្ងៃនេះជាការបើក ទំព័រថ្មីសម្រាប់ខេត្តព្រះសីហនុ បង្កើនសមត្ថភាពដែលប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងរយ:ពេល ២០ឆ្នាំចុងក្រោយនេះ នឹងបន្តរក្សាកំណើនសេដ្ឋកិច្ចបន្តទៀត ។

លោកបន្តថា” រាជរដ្ឋាភិបាលកំណត់ យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំជាងគេក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។ តាមយុទ្ធសាស្ត្រ ទី១- បង្កើនកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយ, ២- បង្កើនការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើន ក៏មានបញ្ហាប្រឈ មួយចំនួនត្រូវដោះ ស្រាយ មានដូចជាប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ទឹកស្អាត ផ្លូវ ថ្នល់ធានាគុណភាព និងបានសំណូមពរកងកម្លាំងសមត្ថកិច្ច រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈធានាសន្តិសុខ ដល់ជនបរទេស លើកកម្ពស់ សេវាសាធារណៈផ្តល់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ដោយប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តអន្តរជាតិ នារទិសនារតី “។

ក្នុងឱកាសនោះដែរលោក ជាម ហ៊ីមដែលបានបន្តជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាអាណត្តិទី៣បានប្ដេជ្ញាចិត្តដូចជា៖ ១-ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន ជាធរមាន អនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ។ ២-ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្ត ធ្វើឲ្យរដ្ឋបាលនេះ ម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ។ ៣-ពង្រឹងសាមគ្គីភាព ផ្ទៃក្នុង ទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរ ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាព នយោបាយ និងរដ្ឋបាលសំដៅរួម ចំណែកក្នុងការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

ប្រភព : www.dap-news.com