Register Already an agent ? Login

ជប៉ុន ប្ដេជ្ញាគាំទ្រនិងជួយសិក្សារៀបចំផែនការមេអភិវឌ្ឍកំពង់ផែសមុទ្រនៅកម្ពុជា

ភ្នំពេញ៖លោកHORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំកម្ពុជាបានប្រកាសគាំទ្រ និងជួយសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រនៅកម្ពុជាដោយការសិក្សារួមបញ្ជូលរវាងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងការអភិវឌ្ឍកំពង់ផែស្វ័យយ័តនៅក្រុងព្រះសីហនុ។

លោក HORINOUCHI Hidehisa បានលើកឡើងក្នុងជំនួប ជាមួយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ថារដ្ឋាភិបាលជប៉ុននឹងជួយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងភ្នំពេញនិងការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុនផងដែរ។ 

ចំណែកលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីមិត្តជប៉ុនចំពោះគំនិតផ្តួចផ្តើមក្នុងការជួយសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែដោយជប៉ុនផ្តល់ជំនួយបច្ចេកទេសក្នុងការសិក្សារៀបចំផែនការមេនេះនិងបានជម្រាបភាគីមិត្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចៀសវាងនូវការសិក្សាជាន់គ្នាដោយសារបច្ចុប្បន្នមានប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួនបាននឹងកំពុងជួយកម្ពុជាសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់នេះ។

លោកសង្កត់ធ្ងន់ថាចំពោះកិច្ចដំណើរការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន លោកក៏បានស្នើឱ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់ភាគីទាំងពីរមានភាពទន់ភ្លន់យោគយល់គ្នាទៅវិញទៅមក និងបន្តខិតខំថែមទៀតក្នុងការផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌សម្រាប់ភាគីទាំងសងខាងដើម្បីអាចឈានទៅបញ្ចប់ការរៀបចំកិច្ចព្រមព្រៀងនេះឱ្យបានឆាប់ក្នុងពេលខាងមុខនេះ ដែលជាចំណែកសម្រាប់ទាក់ទាញការវិនិយោគឯកជនជប៉ុនមកកម្ពុជាក៏ដូចជាការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកប្រទេសជប៉ុនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចដំណើរការកសាងប្រទេសកម្ពុជាចាប់តាំងពីការកសាងសន្តិភាពរហូតដល់ការស្តារនិងអភិវឌ្ឍន៍រហូតដល់ពេលបច្ចុប្បន្ននេះ៕ 

ប្រភព : www.dap-news.com