Register Already an agent ? Login

កម្ពុជា-មីយ៉ាន់ម៉ា នឹងជំរុញឲ្យមាន ជើងហោះហើរត្រង់ រវាងខេត្តសៀមរាប-បាកាន់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ

ភ្នំពេញ៖ ដើម្បីបង្កើននូវចំនួនភ្ញៀវទេសចរ ក៏ដូចជាពង្រឹងទំនាក់ទំនង ឲ្យកាន់តែជិតស្និទថែមទៀត កម្ពុជា-មីយ៉ាន់ម៉ា នឹងជំរុញឲ្យមានជើងហោះហើរត្រង់ រវាងទីក្រុងសៀមរាប និងទីក្រុងបាកាន់ ជាទីក្រុងដែលមាន ទេសចរណ៍ វប្បធម៌ដ៏សម្បូរបែប ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក U Myint Soe ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចប់អាណត្តិប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣ មិថុនានេះ លោក កេត សោផាន់ បានមានប្រសាសន៍ថា ពាក់ព័ន្ធទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ យើងកត់សម្គាល់ឃើញថា ឆ្នាំមុនមានការកើនឡើងទ្វេដង ដោយមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក ។ ទោះបីមានការកើនឡើង យ៉ាងនេះក៏ដោយ ក៏ប្រទេសទាំងពីរ នៅមានសក្ដានុពលច្រើន ដែលពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

លោកបន្តថា បញ្ហានេះលោកឧបនាយករដ្ឋមន្ត្រ ប្រាក់ សុខុន បានស្នើ និងជំរុញឲ្យអនុវត្តន៍ កិច្ចព្រមព្រៀងទាំងឡាយ ដែលប្រទេសទាំងពីរមាន ក៏ដូចជាបញ្ចប់កិច្ចព្រមព្រៀងផ្សេងៗ ដែលប្រទេសទាំងពីរកំពុងធ្វើ ។ ជាឧទាហរណ៍ ដើម្បីជំរុញផ្នែកពាណិជ្ជកម្មនេះ គឺលោកស្រី អោង សានស៊ូជី ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានឯកភាពគ្នាលើឯកសារចំនួនពីរ គឺទី១,ការមិនយកពន្ធត្រួតគ្នា ទី២,កិច្ចព្រមព្រៀងស្ដីពី ការជំរុញ និងការការពារវិនិយោគ នៅក្នុងប្រទេសទាំងពីរ ។

អ្នកនាំពាក្យបញ្ជាក់ថា “ពាក់ព័ន្ធនិងផែនការសកម្មភាព សម្រាប់ជំរុញវិស័យទេសចរណ៍ គឺយើងមានទីក្រុងពីរ គឺសៀមរាប-បាកាន់ ។ សៀមរាប-បាកាន់ ជារដ្ឋធានីដែលមាន ទេសចរណ៍វប្បធម៌ ចឹងយើងមានផែនការសកម្មភាព ដែលយើងបានចុះហត្ថលេខារួចហើយ យើងគួរតែជំរុញ ថ្ងៃក្រោយឲ្យមានជើងហោះហើរត្រង់ រវាងទីក្រុងទាំងពីរ ដើម្បីអាចជំរុញកំណើនភ្ញៀវទេសចរណ៍ រវាងប្រទេសទាំងពីរ” ។ 

លោកបន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន គឺក្រសួងព័ត៌មានប្រទេសទាំងពីរ បានខិតជិតដល់ការឯកភាពគ្នា ហើយគ្រោងចុះហត្ថលេខា លើឯកសារស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន នៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីសារព័ត៌មានអាស៊ី នៅខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

លោកគូសបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកទូតថា កម្ពុជាតែងតែគាំទ្រមីយ៉ាន់ម៉ា ពិសេសគំនិតផ្ដួចផ្ដើមផ្សេងៗ ក្នុងការដំណើរការផ្សះផ្សារ និងស្វែងរកសន្តិភាព ។ កម្ពុជា នឹងបន្តសហការជាមួយមីយ៉ាន់ម៉ា ក្នុងនាមជាបងប្អូន នៃគ្រួសារអាស៊ាន នៅក្នុងវេទិកាតំបន់ ក៏ដូចជាវេទិកាអន្តរជាតិផ្សេងៗទៀត ៕ 

ប្រភព : www.dap-news.com