ភ្នំពេញ៖ លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) បានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិ នៅកោះកុង នឹងសាងសង់រួចរាល់ជាស្ថាពរ នៅខែឧសភា ឆ្នាំ២០២០ ធ្វើការហោះហើរសាកល្បង នៅខែតុលា និងហោះហើរផ្លូវការនៅខែធ្នូ ចុងឆ្នាំ២០២០តែម្ដង។
លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី១ មិថុនានេះថា “យើងគ្រោងសាងសង់ព្រលានយន្តហោះ នេះឲ្យហើយស្ថាពរនៅខែឧសភា ឆ្នាំ២០២០ ហើយនៅខែតុលាយើងនឹងធ្វើការ ហោះហើរសាកល្បងជាពិសេសនៅខែធ្នូ ចុងឆ្នាំ២០២០ យើងនឹងហោះហើរជាផ្លូវការតែម្ដង”។
លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group(UDG) បានឲ្យដឹងបន្ថែមថា នៅពេលព្រលានយន្តហោះ ដំណើរការក្រុមហ៊ុនរបស់លោក នឹងធ្វើការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រើប្រាស់កម្លាំងពលកម្ម ក្នុងស្រុកឲ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះចំណេះដឹង របស់ប្រជាពលរដ្ឋខ្មែរ នៅជុំវិញតំបន់នោះមានកម្រិត ដូច្នេះទើបអាចត្រឹមតែ ធ្វើការងារស្រាលៗតែប៉ុណ្ណោះ។
អនុប្រធានក្រុមហ៊ុន UDG ឲ្យដឹងបន្តថា ព្រលានយន្តហោះនេះ នឹងមាន ជើងយន្តហោះហើរ ត្រង់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលអាចនឹងនាំភ្ញៀវទេសចរបរទេស កាន់តែច្រើនបន្ថែមទៀត មកឲ្យប្រទេសកម្ពុជា ៕