Register Already an agent ? Login

CDC ចុះបញ្ជីរោងចក្រ៤ ក្រោមទុន ជាង៣៣លានដុល្លារ និងបង្កើតការងារជាង៨ពាន់កន្លែង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈ កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC Cambodia បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនរោងចក្រចំនួន៤ក្រោមទុន វិនិយោគជាង៣៣លានដុល្លារ និងបង្កើតការងារបានជាង៨ពាន់កន្លែង។

បើតាមហ្វេសប៊ុករបស់CDC នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ រោងចក្រចំនួន៤នោះរួមមាន៖

១- “NINE SKY GARMENTS CO., LTD.” គម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៨៤៥កន្លែង។

២- “SKYWORTH FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ (អតីតភូមិឬស្សី) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។

៣- “HON TZER FUNG LEATHER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៦,៨លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ២.៤០៧កន្លែង។

៤- “BRIGHT FLUSHING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២១,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង៕