កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា ការចូលខ្លួនមកបង់ពន្ធលើអចលនទ្រព្យ របស់ប្រជាពលរដ្ឋ លែងមានជាបញ្ហាហើយ នៅសល់តែការ ពន្លឿន ការបម្រើសេវារបស់មន្ត្រី ជំនាញតែប៉ុណ្ណោះ ។
នេះជាការលើកឡើង របស់លោកអភិបាលខេត្ត កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ នៅសាលា ខេត្តកំពង់ចាម ខណៈពេលដែលលោកអភិបាលខេត្ត និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំ ពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ប្រជាពលរដ្ឋលោកបានចាប់ផ្តើមគោរព និងអនុវត្តវប្បធម៌បង់ពន្ធលើអចលនទ្រព្យ ដូច្នេះមន្ត្រីជំនាញ ត្រូវធ្វើកិច្ចការនេះ កុំឲ្យមានការយឺតយ៉ាវ ព្រោះថាបើមន្ត្រីជំនាញធ្វើការបម្រើបានឆាប់រហ័ស ជូនប្រជាពលរដ្ឋវាហាក់ដូចជាយើងបានលើកទឹកចិត្តពួកគាត់ឲ្យគោរពកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនេះដែរ។ម្យ៉ាងទៀត ប្រសិនបើយើងធ្វើការបំរើសេវាជូនពួកគាត់មានការយឺតយ៉ាវវាជាហេតុនាំឲ្យពួកគាត់មាន ការខកខានចូលមកបង់ពន្ធជូនរដ្ឋ ដែលធ្វើឲ្យរដ្ឋបង់ខាតចំណូលទៅវិញ។
យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០១៩ នេះ លោកអភិបាលខេត្ត រំពឹងទុកថា ប្រសិនបើមន្ត្រីជំនាញ សហការគ្នាធ្វើកិច្ចការបានល្អ ការប្រមូលពន្ធអាចមានចំណូល កើនឡើងដល់ ៦ ពាន់លានរៀល ដែលថវិកានេះអាចទុកសម្រាប់ការកសាងនិងអភិវឌ្ឍន៍នៅក្នុងខេត្តផងដែរ៕
ប្រភព : www.dap-news.com